បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ចំនួន ៧០៦នាក់ មកបំរើការងារនៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ទទួលបានអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ

ភ្នំពេញ ៖ បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយមានការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ពិធីចែកអំណោយខាងលើ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងនូវការអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានជ្រើសរើសយករាជធានីភ្នំពេញធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦នៅរាជធានីភ្នំពេញរយះពេល៦ថ្ងៃពីថ្ងៃទី១៤ដល់១៩មេសាកន្លងទៅនេះដែលបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ បង្ហាញពី សាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ព្រឹត្តតិការណ៌នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមអបអរសាទរ ចំនួន៦លាន៦សែននិង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១។ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ពិសេស គឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត មានបរិស្ថានល្អស្អាតនិងស្រស់បំព្រង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ គោលបំណង បង្កើតឱ្យមានកម្មវិធីជួបជុំសំណេះសំណាលខាងលើនេះ គឺដើម្បីអរគុណចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋនិងក្រុមហ៊ុនឯកជនក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងភាពសប្បាយរីករាយក្នុងគ្រួសារ មកបំរើការងារនៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង។

 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានរួមជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់បានចិត្តដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦នៅរាជធានីភ្នំពេញរយះពេល៦ថ្ងៃកន្លងទៅនេះ សន្តិសុខពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់អ្វីឡើយ ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដើលេងកម្សាន្តដោយ

ទឹកមុខសប្បាយរីករាយដោយស្នាមញញឹមមានសាមគ្គីភាពក្រោមម្លប់សន្តិភាពនិងប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ការបង្កើឱ្យមានព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ យើងបានគិតគូវែងឆ្ងាយណាស់ ពាក់ព័ន្ធនិងទាហានជួរមុខនិងជនភៀសសឹក។យើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី តែយើងមិនបានភ្លេចទាហានជួរមុខនិងជនភៀសសឹកឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀងថា៖ អំណោយដែលប្រគល់ជូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយក្នុង ០១នាក់ៗ ទទួលបាន អង្គរចំនួន ២៥ គីឡូក្រាម,ទឹកត្រី-ទឹកស៊ីអ៊ីវចំនួន ០១ យូរ (ស្មើ ០៦ដប),ទឹកបរិសុទ្ធចំនួនៈ ០១ កេស,ភេសជ្ជៈចំនួនៈ ០១ កេស,មីចំនួន ០១ កេសតូចនិងថវិកាចំនួន ៥០,០០០រៀល៕