ជំរុញកសិកម្មបៃតង! ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យបច្ចេកវិទ្យាកៀរពង្រាបដីដោយឡាស៊ែរ និងការប្រើប្រាស់ឡជីវឧស្ម័ន នៅខេត្តតាកែវ

វឌ្ឍនភាពថ្មីនៃវិស័យកសិកម្មក្នុងខេត្តតាកែវ! ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ និងឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពន្លឿនគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

គោលបំណងនៃការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ក្រុមការងារ​ពាក់ព័ន្ធ បានពិភាក្សាលើសកម្មភាពមួយចំនួនមានដូចជា៖ ការងារកៀរ​ពង្រាប​ដីដោយប្រព័ន្ធឡាហ៊្សែរ ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍នៅសហគមន៍​កសិកម្ម​សំភ្លីអង្គរង្សី ស្ថិតនៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត។ ជាមួយគ្នានោះក៏បានទៅ​ពិនិត្យ​សកម្មភាពសាងសង់ និងការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ស្ថិត​នៅ​ភូមិត្រពាំងស្គារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។

បេសកកម្មនេះ ធ្វើឡើងដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យកាន់តែទំនើប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករតាមរយៈការកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពការងារ ហើយនេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់បងប្អូនកសិករក្នុងខេត្តតាកែវ ដែលទទួលបានការគាំទ្របច្ចេកទេសទំនើបៗ សំដៅប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មវៃឆ្លាត និងមាននិរន្តរភាព៕