សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វជិតផុតពូជ ចំនួន​១៥ក្បាល​ ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ នៃខេត្តក្រចេះ

ខេត្តក្រចេះ÷នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ លែង​កន្ធាយ​ក្បាលកង្កែប ចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំង​សំបុក​កន្ធាយ ពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិ​អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។

ដំណើរបេសកកម្មមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរ​ភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។

នាឱកាសជំនួបជាមួយសហគមន៍ លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវ​ការផ្តាំផ្ញើសួរសុខទុក្ខនិងអរគុណ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់​សមាជិកសហគមន៍ដែលបានបំពេញភារកិច្ចអភិរក្សទីជម្រកសត្វកម្រតាម​ដង​ទន្លេមេគង្គ។ លោកជំទាវបានសម្តែងនូវការថ្លែងអំណរគុណផងដែរ ដល់​នាយក​​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ​និង​ស្ទឹងត្រែង រួមនឹងសហគមន៍ ក្នុងបេសកកម្មអភិរក្ស​សត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារនដែលមានដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោង​លើក​​ស្ទួយ​ជីវភាព​ប្រជាសហគមន៍។

សូមជម្រាបជូនថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។

បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជាតាម ដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។

នៅក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយ​ក្បាល​កង្កែបចំនួន ១៤សំបុក ត្រូវ​បាន​​រកឃើញ និង​ការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន៩៥ក្បាល ត្រូវបានញ៉ាស់ដោយ​ជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែបចំនួន០១ ត្រូវបានជួយ​សង្គ្រោះ​​និងបាននាំយកទៅថែទាំ និងតាមដាននៅមជ្ឈ​មណ្ឌលអភិរក្ស​សត្វល្មូនខេត្តកោះកុង៕