ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបពិភាក្សាជាមួយសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ
ក្នុងជំនួបជាមួយពិភាក្សារការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាទីស្ដីការគណៈរដ្ឋមន្រ្តី លោក Sang-mu Lee ប្រធានសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េទទួលបន្ទុកក្រៅប្រទេស បានឲ្យដឹងថា សមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ (KOAA) បានសហការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ កំពុងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍន៍កសិកម្មនៅក្រៅប្រទេស និងជំរុញភាពជាដៃគូ ដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសជាដៃគូ ។
លោក Sang-mu Lee បានបន្តថា គោលបំណងក្នុងជំនួបនេះសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ ចង់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលគ្រោងអនុវត្តនៅខេត្តកំពង់ធំ នៅក្នុងឆ្នាំនេះ និងពិភាក្សាពីការសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្មនៅកម្ពុជា ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ទាក់ទងនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ដំណាំស្វាយចន្ទីគឺជាដំណាំដ៏សំខាន់មួយដែលរាជរដ្ធាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកសិកម្ម នៅក្នុងប្រទេសកម្ពុជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ធសភា។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីកូរ៉េថា គម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានគោលបំណង កសាងសមត្ថភាពសហគមន៍កសិកម្មទំនើប តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍កសិកម្មពីបច្ចេកទេសក្រោយពេលប្រមូលផល ការសម្ងួត ការរក្សាទុក ការកែច្នៃ និងការរកទីផ្សារសម្រាប់នាំចេញគ្រាប់ស្វាយចន្ទី ។ លើសពីនេះ គម្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ២០តោន ក្នុងមួយថ្ងៃ ដែលមានទឹកប្រាក់ជាង ៥លានដុល្លារ ដែលគ្រោងអនុវត្តរយៈពេល៤ឆ្នាំ នៅខេត្តកំពង់ធំ ចាប់ពីខែកញ្ញាឆ្នាំ២០២៦ ដល់ដាច់ឆ្នាំ២០២៩ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានស្នើដល់អង្គការ KOAA ឱ្យជួយលើ ទី១. ការរៀបចំគម្រោងផលិតជីសរីរាង្គ ដោយបង្កើតរោងចក្រផលិតជីនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសកូរ៉េត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខគេលើបច្ចេកវិទ្យាជីសរីរាង្គ ជាពិសេសក្នុងការអភិវឌ្ឍន៍ផលិតផលសរីរាង្គកម្រិតខ្ពស់ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងទី២. ជួយលើគម្រោងផ្តល់គ្រឿងយន្តកសិកម្មខ្នាតតូច ដែលមានតម្លៃសមរម្យ ដើម្បីធ្វើទំនើបកម្មកសិកម្ម និងជួយដល់កសិករ ដែលកំពុងខ្វះកម្លាំងពលកម្មនៅតាមជនបទ ជាពិសេសផ្តល់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ និងត្រាក់ទ័រ ហើយសូមលើកទឹកចិត្តដល់អង្គការ KOAA ឱ្យស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។



