អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ត្រូវបាននាំយកទៅចែកជូនពលរដ្ឋ ១៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី តំណាងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់។

ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំសុខសាន្ត ស្រុកកោះញែក ដោយមានកាចូលរួមពីលោក សី ទូច ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សាយ ម៉េងគីម បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីអាណិតអាសូរក្រៃលែងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយអត់ស្បៀងអាហារ ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ នោះឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលគ្រោះមហន្តរាយបង្កដោយធម្មជាតិ ។ ឯកឧត្តម បញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាច ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៦ កន្លងទៅមានចំនួនសរុប ១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន រួមមាន អង្ករ ចំនួន ៣០គីឡូក្រាមមី ចំនួន ១កេស ត្រីខ ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ១យួរ តង់កៅស៊ូ១ផ្ទាំង ឃីត១កញ្ចប់ ព្រមទាំងថវិកាមួយចំនួនផងដែរ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះគ្រប់រូប។

សូមបញ្ជាក់ថា ការចុះជួយសង្គ្រោះបន្ទាន់នេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក៏ដូចជាកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នបានទាន់ពេលវេលា ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ៕