ថ្នាក់ដឹកនាំនគរបាលជាតិ ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១០០លានរៀល ឧបត្ថម្ភដល់វីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅនៅប្រទេសវៀតណាម
(ទីក្រុងហូជីមិញ, វៀតណាម)៖ គណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១០០លានរៀល ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប ដែលរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងកំពុងសម្រាកព្យាបាលនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ។ សូមគូសបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានដឹកនាំនាយនគរបាលចុះមកសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់ទីកន្លែង បន្ទាប់ពីលោកបានទទួលការព្យាបាលនៅប្រទេសវៀតណាម។
វីរនគរបាលដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នាឱកាសនៃការចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកនូវបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោក ធាង ឧត្តម និងក្រុមគ្រួសារ។
ឯកឧត្តមនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា៖ «វត្តមានរបស់គណៈប្រតិភូនាពេលនេះ មិនត្រឹមតែជាការនាំយកនូវថវិកាឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ថ្នាក់ដឹកនាំនគរបាលជាតិ មិនបោះបង់មន្ត្រីរបស់ខ្លួនចោលក្នុងគ្រាមានការលំបាកឡើឡើយ»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងការហ៊ានលះបង់សាច់ស្រស់ឈាមស្រស់របស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលមិនរុញរាប្រឈមមុខនឹងឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការព្យាបាលជាបន្តបន្ទាប់ គណៈប្រតិភូបានប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន ១០០លានរៀល ដែលជាការចូលរួមវិភាគទានពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់ទីកន្លែងដោយមិនបោះបង់អោយរូបលោកនៅឯកោ និងបានជួយទំនុបបំរុងលើការស្នាក់នៅសម្រាកព្យាលរបួសនៅប្រទេសវៀតណាមនាពេលកន្លងមក រហូតដល់សុខភាពរបស់លោកបានប្រសើរជាបន្តបន្ទាប់។ ។ នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូទាំងអស់ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕



