ឯកឧត្ត ម៉ាង ស៊ីណេត ដាក់បទបញ្ជាឱ្យ “ពន្លឿន” ឯកសារកកស្ទះក្នុងប្រព័ន្ធច្រកចេញចូលតែមួយ ឱ្យអស់ក្នុងរយៈពេល ១ខែ

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អង្គភាពច្រកចេញចូលតែមួយ នៅទូទាំងខេត្តព្រះសីហនុ។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងដែលត្រូវតែធ្វើឡើងដោយផ្អែកលើគោលការណ៍ “លឿន មានប្រសិទ្ធភាព និងតម្លាភាព”។ ឯកឧត្ដមបានមានប្រសាសន៍ថា «យើងត្រូវរួមគ្នាពង្រឹងយន្តការការងារ ដើម្បីបម្រើសេវារដ្ឋបាលជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសតាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលជាបង្អួចសេវាដ៏សំខាន់បំផុត។»
យោងតាមរបាយការណ៍សង្ខេបរបស់ កញ្ញា ឈូ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នមានឯកសារ (ពាក់ព័ន្ធនឹងក្បាលដី) ដែលកំពុងកកស្ទះក្នុងប្រព័ន្ធតាមបណ្តារដ្ឋបាលក្រុង-ស្រុក ដូចជា ក្រុងព្រះសីហនុ ១៥៨ ក្បាលដី ក្រុងកំពង់សោម ៣៩៤ ក្បាលដី (ក្នុងនោះ ៩៩ ក្បាលដីផ្ទាល់ និង ២៩៥ ក្បាលដីផ្ទេរពីស្រុកព្រៃនប់) ស្រុកព្រៃនប់ ៩៦ ក្បាលដី ស្រុកស្ទឹងហាវ ៧៧ ក្បាលដី ស្រុកកំពង់សិលា ២៤ ក្បាលដី និងក្រុងកោះរ៉ុង ០៤ ក្បាលដី។
ឆ្លើយតបនឹងបញ្ហាកកស្ទះនេះ ឯកឧត្ដម ម៉ាង ស៊ីណេត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរសុរិយោដី និងសាខាពន្ធដារខេត្ត ត្រូវរួមគ្នាដោះស្រាយការកកស្ទះក្នុងប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត។
ចំណុចសំខាន់ៗដែលឯកឧត្ដមបានណែនាំរួមមាន ការកំណត់ពេល១ខែ ក្រុមការងារត្រូវ សម្អាត ឯកសារដែលជាប់គាំងក្នុងប្រព័ន្ធទាំងអស់ឱ្យបានរលូនត្រឡប់មកវិញ។ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដាច់ខាតមិនត្រូវ “អសកម្មក្នុងការងារ” និងមិនត្រូវ “ស្វែងរកផលលាភផ្ទាល់ខ្លួន” ក្រៅពីសេវាកំណត់ដោយច្បាប់ឡើយ។ សេវាគាប់ចិត្តដើម្បីធានាឱ្យបានថា រាល់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ត្រូវទទួលបានការឆ្លើយតបដោយតម្លាភាព និងមិនត្រូវទុកចោលដោយគ្មានហេតុផល។
កិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
សម្រួលអត្ថបទ៖ ស្រីមុំ