មេដឹកនាំកូរ៉េខាងត្បូងនិងឥណ្ឌាជួបពិភាក្សាគ្នានៅទីក្រុង New Delhi ដើម្បីពង្រឹងវិសាលភាពពាណិជ្ជកម្មបច្ចេកវិទ្យា! ខណៈឥណ្ឌាជាទីផ្សារដ៏ធំរបស់កូរ៉េក្នុងទំហំទឹកប្រាក់២៦ប៊ីលានដុល្លាអាម៉េរិក….
លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung និងលោកស្រីទី១ Kim Hea Kyung ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅទីក្រុងញូវដេលី នៅថ្ងៃចន្ទនេះ។ លោក Lee ត្រូវបានទទួលស្វាគមន៍យ៉ាងស័ក្កសមនៅវិមានប្រធានាធិបតីឥណ្ឌា ហើយលោកគ្រោងនឹងធ្វើកិច្ចចរចាជាមួយលោកនាយករដ្ឋមន្រ្តី Modi នៅថ្ងៃដដែលនេះដូចគ្នា។ អំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃទៅកាន់ប្រទេសឥណ្ឌាលើកនេះ ដោយមានមន្ត្រីជាន់ខ្ពស់អម និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូបទៀតដែរ។ ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កិច្ចពិភាក្សានេះនឹងផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យសំណង់កប៉ាល់ ពាណិជ្ជកម្ម បញ្ញាសិប្បនិម្មិត ឬ AI ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាសំខាន់ៗ ព្រមទាំងបច្ចេកវិទ្យាថ្មីៗ។ ចំពោះបញ្ហាក្នុងតំបន់ និងសកលលោកវិញក៏នឹងត្រូវដាក់លើតុពិភាក្សាគ្នាផងដែរសម្រាប់មេដឹកនាំទាំងពីរ។ សូមរំលឹកថាប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុនធំៗបំផុតរបស់កូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុន Hyundai, Samsung និង LG ជាដើម។ យោងតាមក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ទៀតថា ពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៥កន្លងទៅរវាងភាគីទាំងពីរគឺមានចំនួនប្រហែលជា ២៦ប៊ីលានដុល្លារអាមេរិកឯណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



