សមរភូមិក្រោយ តែងគាំទ្រសមរភូមិមុខ! រដ្ឋបាលខេត្តកំពត និងសមាគមនារីខេត្ត នាំយកអំណោយជាសម្ភារ និងថវិកា ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះ ឆ្នេរ

គណៈប្រតិភូខេត្តកំពត ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវី នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក និងនាំយកអំណោយជាសម្ភារ និងថវិកាប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ ដើម្បីផ្គត់ផ្គង់ និងប្រើប្រាស់តាមតម្រូវការ ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូននាយនាវី នាយនាវីរង និងពលនាវីទាំងអស់ និងបានសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកក្នុងការកសាងអង្គភាពឱ្យមានការរីកចំរើនលើគ្រប់វិស័យ និងស្មោះត្រង់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដី ដែនកោះ ឆ្នេរ សមុទ្រតាមបណ្តោយព្រំដែនទឹក ដែនគោកកម្ពុជា-វៀតណាម-ថៃ និងជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន។ ឯកឧត្តមអភិបាលខេត្តក៏បានសំដែងនូវការគោរពដឹងគុណចំពោះវីរកងទ័ព ពិសេសកងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កន្លងមកបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ដែលទាំងនេះគឺជាគំរូវីរៈភាពដែលពុំអាចកាត់ថ្លៃបាន ព្រោះទឹកដីរបស់ជាតិមួយគឺមិនអាចឱ្យមានការបាត់បង់នោះឡើយ។

ក្នុងពិធីនេះដែរ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដែលបានយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាកគ្រប់បែបយ៉ាងដល់នាយនាវី នាយនាវីរង និងពលនាវី ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តាកោះជួរមុខជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនទាំងស្មារតី សម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកា សម្រាប់កសាងអង្គភាពផងដែរ។

អំណោយដែលបានផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះ ឆ្នេរ រួមមាន៖ អង្ករ ១០តោន, មី ១០០កេស, ទឹកត្រី ១០០យួរ, ត្រីងៀត៖ ១០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, ប្រេងឆា ១០០លីត្រ, ប៊ីចេង ២០គីឡូក្រាម, ទឹកសុទ្ធ ១៥០យួរ, ម៉ូតូ ០៥ គ្រឿង, ថវិកា ចំនួន ២០លានរៀលសម្រាប់កសាងអង្គភាព និងឃីតចំនួន ១ ០០០កញ្ចាប់ ដែលក្នុងមួយៗឃីតមានដូចជា៖ អាវរងា ភួយ អំបុកលីងជាមួយសាច់ជ្រូកផាត់ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចំបាច់មួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូននូវ ស៊ីម៉ងត៍ចំនួន ៤០០តោន និងដែកចំនួន ២០តោនសម្រាប់សម្រាប់កសាងអង្គភាព រួមនឹងអង្ករចំនួន ៥តោនក្នុងមួយខែជារៀងរាល់ខែផងដែរ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត