កម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
រាជធានីភ្នំពេញ៖ មន្ត្រី១០រូបរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាកចេញពីកម្ពុជាហើយនៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី៣នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន នៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានប្រតិភូកម្ពុជា បានជម្រាបជូនឱ្យដឹងមុនចាកចេញពីកម្ពុជា ថា កិច្ចប្រជុំ នេះរៀបចំឡើងដោយអង្គការទទួលបន្ទកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODCដែលមានសមាសភាពចូលរួមជាមន្រ្តីមកពីបណ្តាប្រទេសហត្ថលេខីMoU ឆ្នាំ១៩៩៣ ទាំង៦ គឺ កម្ពុជា ចិន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងអង្គការ UNODCសរុបចំនួន ៦០នាក់ ។ កិច្ចប្រជុំនេះដែរ គឺជាកិច្ចប្រជុំលើកទី៣ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តនូវគម្រោងស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបឱ្យដឹងផងដែរ ក្រោយអនុវត្តបានរយៈកាលបីឆ្នាំរួចមក អង្គការ UNODC បានស្នើដល់ប្រទេសទាំងអស់ឱ្យធ្វើបច្ចុប្បន្នភាពការងារតាមវិស័យនៃក្រុមការងារនីមួយៗ ចែករម្លែកបទពិសោធន៍ល្អៗ និងយន្តការឆ្លើយតបក្នុងការអនុវត្តការងារដោយផ្អែកលើផែនការសកម្មភាព គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្ដាប្រទេសនីមួយៗ៕







