ផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកប្រវែង ៤០០ម៉ែត្រ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានជួសជុលរួចរាល់

ព្រះសីហនុ៖ ផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកប្រវែង ៤០០ម៉ែត្រ ដែលស្ថិតនៅសង្កាត់លេខ១ ក្បែររោងចក្រ ញូ ស៊ីន ក្រុងព្រះសីហនុ ត្រូវបានជួសជុលឡើងវិញរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ការជួសជុលនេះគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើ ដែលជួបការលំបាកក្នុងការធ្វើដំណើរ និងបញ្ហាទឹកលិចកន្លងមក។លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមថា សមិទ្ធផលនៃការជួសជុលផ្លូវ និងប្រព័ន្ធលូនេះ សម្រេចទៅបានដោយសារការចូលរួមចំណែកឧបត្ថម្ភថវិកាពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សប្បុរសជននានា និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវនេះផ្ទាល់។គម្រោងនេះមិនត្រឹមតែជួយកែលម្អសោភ័ណភាពក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការរំដោះទឹកមិនឱ្យលិចលង់ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ វុន សុខជា 

ប្រភព៖ Sar Kackada