ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការទទួលខុសត្រូវក្នុងការបញ្ចូល និងគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM)ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា ពង្រឹងការអនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ និងការណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចូលទិន្ន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ការងារគ្រប់គ្រង អនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងលោក-លោកស្រី នាយករង ប្រធានការិយាល័យ និងមន្ត្រីជំនាញចំណុះមន្ទីរ ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)ផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារស៊ើបអង្កេត និងប្រមូលព័ត៌មាន ការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានទាន់ពេលវេលា ការបង្កើនកសាងសមត្ថភាពមន្ត្រីជំនាញ ការពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់។ ឯកឧត្តម បន្តថា ផ្អែកលើលទ្ធផលនេះ មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការបង្ក្រាបបណ្តាញជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់និងត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងនេះបន្ថែមទៀត៕