ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បី «ភូមិរង់ចាំ» រៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់
ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា អលស្តារ បានប្រកាស សហការ ជាមួយ ក្រុមបាល់ទាត់សប្បុរសធម៌ ដើម្បីបង្កើត កម្មវិធីបាល់ទាត់ បេះដូងសប្បុរស ដើម្បី «ភូមិរង់ចាំ» រៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភ ដល់ភូមិរង់ចាំ ដែលមានប្រជាជន ជាជនភៀសសឹក ប្រមាណជាង ៣៣១៨ គ្រួសារ កំពុងរស់នៅទីនោះ ហើយកម្មវិធីនេះជាគំនិត ផ្ដួចផ្ដើម របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គួច វែងស្រ៊ុន អ្នកចាត់ការទូទៅ របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ បានឲ្យដឹងថា ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ ប្រកាសសហ ការជាមួយ ក្រុមបាល់ទាត់រួមមាន ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់ MC កីឡា និងក្រុមសប្បុរសធម៌ ដើម្បីបង្កើតកម្មវិធីបាល់ទាត់បេះដូង សប្បុរសដើម្បី «ភូមិរង់ចាំ» រៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភ ដល់ភូមិរង់ចាំផ្ទាល់ តែម្ដង នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។
លោក គួច វែងស្រ៊ុន អ្នកចាត់ការទូទៅ បានបន្តទៀតថា កម្មវិធីបាល់ទាត់នេះបង្កើតឡើង ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រជាជន ជួរក្រោយចំពោះក្រុមគ្រួសារ ដែលរស់នៅ តាមបណ្ដោយព្រំដែន និងកំពុងរង់នៅឆ្ងាយពីផ្ទះសម្បែង និងបន្តភៀសសឹកនៅទីតាំងភូមិរង់ចាំនេះតែម្ដង។ ការចុះទៅដល់ភូមិរង់ចាំផ្ទាល់បែបនេះជាការផ្ដល់ភាពកក់ក្ដៅ លើកទឹកចិត្ត និងជួយសម្រាល ដល់ការលំបាកមួយចំនួនផងដែរ។ ចំពោះសកម្មភាព នៃកម្មវិធីបាល់ទាត់ បេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» គឺមានដូចជា៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ នឹងទៅប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់«រួមគ្នាដើម្បីកំពង់ស្ពឺ» នៅក្នុងកីឡដ្ឋាន ខេត្តកំពង់ស្ពឺតែម្ដង។ សាធារណៈជន ដែលចង់ចូលរួមបរិច្ចាគថវិកា សម្ភារ អាចអញ្ជើញទៅតាមពេលវេលានោះបាន។ ហើយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ នឹងប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់ «តារាកម្ពុជា» ក្នុងស្តាតចាស់ រាជធានីភ្នំពេញ។ នេះជាកម្មវិធីធំតែម្ដង ដែលរង់ចាំទទួល សាធារណៈជនជិតឆ្ងាយ មានបំណងចង់ចូលរួមបរិច្ចាគថវិកា សម្ភារ បន្តទៀត។
សូមបញ្ជាក់ដែរថា ការទទួលថវិកាបរិច្ចាគ និងសម្ភារ ផ្សេងៗនេះ គឺនឹងចាប់ទទួល ពីថ្ងៃប្រកួត នៅខេត្តកំពង់ស្ពឺ ទី១១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា នៅរាជធានីភ្នំពេញ គឺក្នុងអគារ The Kampus ជាប់រង្វង់មូលស្ពាន អកាសក្បាលថ្នល់។ កម្មវិធី ចុះទៅភូមិរង់ចាំ គឺនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ សប្បុរសធម៌ និងសាធារណៈជន ដែលចង់ចូលរួមនោះនឹង ទៅស្នាក់នៅក្នុងភូមិ មួយថ្ងៃដំបូងបន្ទាប់មកថ្ងៃទី២ បានចាប់ផ្ដើម សកម្មភាពជួបជុំសំណេះសំណាល និងឧបត្ថម្ភថវិកា សម្ភារ ទៅតាមកម្មវិធី ដែលបានគ្រោងទុក។ ដូច្នេះ ប្រសិនបើសាធារណៈជន ទាំងអស់មានបំណង ចែករំលែកសេចក្ដីស្រឡាញ់ និងលើកទឹកចិត្តអ្នកភូមិរង់ចាំ តាមរយៈកម្មវិធីបាល់ទាត់សប្បុរសធម៌នេះអាចឧបត្ថម្ភតាមសន្តានចិត្ត ឬទំនាក់ទំនងតាមរយៈហ្វេសបុកផេក UYFC All Star Football និងលេខទូរសព្ទ 011 5555 95 ៕







