ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចែកអំណោយជូនពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ១ពាន់គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ 

ខេត្តតាកែវ៖ ដោយមើលឃើញពីការលំបាក និងខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១,៤៤៥នាក់ មកពី១៥ឃុំ ក្នុងស្រុកបាទី ខេត្តតាកែវ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកក់ក្តៅនៅក្នុងភូមិគ្រឹះរបស់ ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ផ្ទាល់ ដែលស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

បន្ទាប់ពីបានស្តាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់លោកអភិបាលរងស្រុកបាទីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានអញ្ជើញមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងស្រុកបាទីផ្ទាល់។ ការផ្តល់ជូននូវអំណោយនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងក្តីអាណិតស្រឡាញ់ ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។

ក្នុងឱកាសនោះ ឯកឧត្តមបានរំលឹកបងប្អូនប្រជាពលរដ្ឋឱ្យចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាធ្លាប់បានធ្លាក់ចូលក្នុងសម័យកាលដ៏ខ្មៅងងឹតយង់ឃ្នង គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្នុងរបបនោះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានរងទុក្ខវេទនាយ៉ាងខ្លាំងក្លា បាត់បង់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទ្រព្យសម្បត្តិ គ្រួសារ ត្រូវគេបង្ខំឱ្យធ្វើការជាទម្ងន់ អត់ឃ្លាន និងសូម្បីតែសិទ្ធិរស់រានមានជីវិតជាមូលដ្ឋានក៏គ្មានដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី១ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានប្រែក្លាយពីផេះផង់ មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសេដ្ឋកិច្ច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា បើទោះបីជាបច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅមានជីវភាពខ្វះខាតយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយឡើយ ពោលគឺ «រាជរដ្ឋាភិបាលមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយគ្មានអាហារ និងនៅឯកោឡើយ»។ ទីណាប្រជាពលរដ្ឋមានការលំបាក ទីនោះតែងតែមានវត្តមានអាជ្ញាធរ និងរាជរដ្ឋាភិបាលចុះជួយដោះស្រាយជានិច្ច។

ដើម្បីជាការចែករំលែកក្តីស្រឡាញ់ ឯកឧត្តមបានសន្យាថានឹងបន្តរៀបចំកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយៗទៀត។ ពិសេសជាងនេះទៅទៀត ឯកឧត្តមបានប្រកាសជួយឧបត្ថម្ភការសាងសង់ផ្ទះ (ទំហំ ៤x៦ ម៉ែត្រ) ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលទីទ័លក្រ និងមិនទាន់មានលំនៅឋានពិតប្រាកដ។ 

ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យនេះ ឯកឧត្តម និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លា និងថវិកាចែករបស់ឯកឧត្តម  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់រដ្ឋបាលមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ដែលរួមមាន

ឧបត្តម្ភជូន ប្រជាពលរដ្ឋចំនួន ១,៤៤៥នាក់  ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកា ២០,០០០រៀល។

រដ្ឋបាលស្រុកបាទីឧបត្ថម្ភថវិកា ៣,០០០,០០០រៀល

ក្រុមគ្រូពេទ្យឧបត្ថម្ភថវិកា ២,០០០,០០០រៀល

អធិការដ្ឋាននគរបាលស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល

កងរាជអាវុធហត្ថស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល

រដ្ឋបាលឃុំទាំង១៥ ក្នុងស្រុកបាទីក្នុងមួយឃុំ ទទួលបានថវិកា ១,០០០,០០០រៀល

កម្លាំងនគរបាលការពារពិធី (១៥០នាក់)ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល

កម្លាំងប្រជាការពារពី២ឃុំ (១០០នាក់) (ឃុំដូង ៦០នាក់ និង ឃុំចំប៉ី ៤០នាក់)ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល

កម្មវិធីនេះបានបញ្ចប់ទៅដោយបរិយាកាសសប្បាយរីករាយ និងពោរពេញទៅដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងពីសំណាក់អ្នកចូលរួមទាំងអស់។

ពិធីសំណេះសំណាល និងចែកអំណោយនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងពោរពេញដោយក្តីសង្ឃឹម ព្រមទាំងទទួលបានការត្រេកអរយ៉ាងក្រៃលែងពីសំណាក់ប្រជាពលរដ្ឋដែលបានចូលរួម។