ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រម្លឹកប្រសាសន៍សម្តេចតេជោ! សំណូមពរដល់អាជ្ញាធរមូលដ្ឋានគាប្បីជួយមើលក្រុមគ្រួសារយុទ្ធជនពលី របួស ពិការ និងគ្រួសារយុទ្ធជននៅសមរភូមិមុខកំពុងការពារទឹកដី
យោងតាមប្រសាសន៍សម្តេចតេជោ សូមឲ្យមេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីចុះមូលដ្ឋានក្តាប់ឲ្យជាប់ តើក្នុងមូលដ្ឋានរបស់ខ្លួន មានយុទ្ធជនពលី ពិការ និងរបួសប៉ុន្មាននាក់ មានគ្រួសារយុទ្ធជនដែលនៅសមរភូមិមុខប៉ុន្មាន? យើងត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។
ការបន្តរម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “ ដែលនបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា៖ «តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយើងយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពពលី ដែលពួកគាត់បានយកជីវិតទៅការពារគ្រាប់នៅសមរភូមិ សូមអាជ្ញាធរស្រុកឧស្សាហ៍ចុះទៅមើល សួរសុខទុក្ខក្រុមគ្រួសារគាត់ផង ហើយសុំឱ្យអាជ្ញាធរជួយមើលពួកគាត់ កូនចៅគាត់បើសិនមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន ដែលនៅឆ្ងាយ ហើយមានការខ្វះខាត យើងត្រូវគិតគូរ ខ្វះកង់ប្រាប់ខ្ញុំ ខ្ញុំជួយដើម្បីឱ្យកូនចៅគាតអាចទៅសាលារៀនបាន»។
ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនថា នៅក្នុងមូលដ្ឋានខេត្តក្រចេះ គឺមានវីរកងទ័ពចំនួន ៥នាក់ បានពលីជីវិត នៅក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី ពីការឈ្លានទាំងកម្រោលរបស់យោធាថៃ លើកទី២ មកលើទឹកដីកម្ពុជា។ ជាមួយគ្នានេះក៏មានគ្រួសារកងទ័ពភៀសសឹកមកនៅខេត្តក្រចេះ មានចំនួនជាង ១ ០០០គ្រួសារ ប៉ុន្តែពួកគាត់ទទួលបានការយកចិត្តទុកដាក់បំផុតរបស់អាជ្ញាធរខេត្ត និងស្រុកចំពោះការស្នាក់នៅ និងម្ហូបអាហារ។
ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមការងារសូមឲ្យអាជ្ញាធរដែនដីត្រូវតែយកចិត្តដាក់ចំពោះក្រុមគ្រួសារវីរកងទ័ពទាំង ៥រូបនេះ ឱ្យបានដិតដល់បំផុត ពីព្រោះពួកាត់បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ខណៈវីរកងទ័ពទាំង៥រូបនេះ ពួកគាត់ជាជនបង្គោលនៅក្នុងក្រុមគ្រួសារ។ ត្រង់ចំណុចនេះ ការបាត់បង់ជនបង្គោលគ្រួសារ ពិតជាមានការលំបាកយ៉ាងខ្លាំងចំពោះឪពុក ម្តាយ ប្រពន្ធ កូនរបស់វីរកងទ័ពយើង។
ជាការរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តី សុខ យើងទាំងអស់។ ដូច្នេះគ្រាន់តែយើង អើត មើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូល រួមក្នុង កិច្ច ការពារជាតិទៅហើយ។ គាត់ ពលីជីវិត ទៅ ហើយ យើងត្រូវមើលគ្រួសារគាត់ ជួយកូន ចៅ គាត់ ឱ្យបានសិក្សារៀនសូត្រ»។ «យើងត្រូវបន្តចំពោះកិច្ចការទាក់ទងខឿនការពារជាតិ របស់ ប្រជាជន។ អ្នកទៅមុខគេ ការ ពារទឹកដី យើងនៅក្រោយ ត្រូវធ្វើការជួយដល់គ្រួសារ កង ទ័ព យុទ្ធជនពិការ និងពលី ដើម្បី កាត់ បន្ថយកង្វល់របស់អ្នកនៅខាងមុខ»។
ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព , ការសិក្សារបស់កូនចៅបន្ត និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈ វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា៕



