ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ៖«បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការ ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នៅកីឡដ្ឋានកងយោធ ពលខេមរភូមិន្ទ (ស្តាតចាស់)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការរៀបចំយុទ្ធនាការដែលផ្តួចផ្តើមឡើងដោយក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ មិនត្រឹមតែជាការប្រកួតកីឡាដើម្បីបង្កើតបរិយាកាសរីករាយ និងរឹតចំណងមិត្តភាពក្រោមពាក្យស្លោក «កីឡា មិត្តភាព សប្បុរស» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មមនុស្សធម៌យ៉ាងជ្រាលជ្រៅ ក្នុងការកៀរគរថវិកា និងស្បៀងអាហារចាំបាច់ ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកជីវភាពជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ»។
បន្ថែមពីលើការផ្តល់ជំនួយសប្បុរសធម៌ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារនឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីនាំយកនូវសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងការលើកទឹកចិត្តចេញពីបេះដូងរបស់បងប្អូនមហាគ្រួសារខ្មែរ ជូនដល់បងប្អូននៅ «ភូមិរង់ចាំ» ឱ្យកាន់តែជិតស្និទ្ធ។
សម្រាប់បងប្អូនមហាគ្រួសារខ្មែរដែលមានបំណងចូលរួមបរិច្ចាគជាមួយកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» អាចធ្វើការបរិច្ចាគជាថវិកាតាមរយៈ QR Code ហើយចំពោះការចូលរួមជាសម្ភារប្រើប្រាស់ សម្ភារកីឡា ឬអាហារក្រៀម អាចទំនាក់ទំនងនាំយកទៅប្រគល់ជូនក្រុមការងារដោយផ្ទាល់នៅអគារ The Kampus ។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ អញ្ជើញប្រគល់លិខិតថ្លែងអំណរ គុណដល់ដៃគូសហការ គាំទ្រ និងឧបត្ថម្ភក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធាន បទ៖«បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នឹងជាពិសេស បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រប់បណ្តាភាគីពាក់ព័ន្ធ រួមមាន ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនដៃគូ វិស័យឯកជន សមាគម ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកថវិកា សម្ភារ និងកិច្ចសហការយ៉ាងសកម្មស្មោះស្ម័គ្រ។
ហើយការចូលរួមយ៉ាងកុះករពីសំណាក់ដៃគូសហការទាំងអស់ គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលធ្វើឱ្យការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ៖ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» អាចប្រព្រឹត្តទៅបានដោយជោគជ័យយ៉ាងត្រចះត្រចង់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មិនត្រឹមតែស្តែងចេញពីស្មារតីសាមគ្គីភាព និង «វប្បធម៌នៃការចែករំលែក» ដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកផ្ទាល់ក្នុងការកៀរគរជំនួយ ដើម្បីនាំយកក្តីសង្ឃឹម និងការសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋនៅ ភូមិរង់ចាំ ប្រកបដោយភាពកក់ក្តៅបំផុត៕




