រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្ស ជាង៣០នាក់ ពាក់ព័ន្ធនឹង Online Scam សបញ្ជាក់ថា សកម្មភាពឆបោកបានបំលែងរូបរាងទៅជាក្រុមតូចៗ
តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៤ នាក់ ក្នុងនោះរួមមាន ជនជាតិចិន ៣៣ នាក់ (ស្ត្រីជនជាតិចិន ០៣ នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់)។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើសជាច្រើនរួមមាន ទូរស័ព្ទដៃចំនួន ៧៤៦ គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៣៣ គ្រឿង, កុំព្យូទ័រលើតុ/All-in-One ៣៤ គ្រឿង, CPU ០២ គ្រឿង, និងអេក្រង់ (Monitor) ០២ គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។
ដោយឡែក នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចនាំចូលសម្ភារគេចពន្ធមួយកន្លែង ស្ថិតនៅផ្ទះលេខ ១២៨G១០ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់។ ប្រតិបត្តិការនេះ អាជ្ញាធរដកហូតបានវត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃប្រមាណ ៣,០០០ គ្រឿង (ច្រកក្នុងកេះចំនួន ៤២ កេះ) កុំព្យូទ័រ All-in-One ចំនួន ២១១ គ្រឿង កុំព្យូទ័រយួរដៃ ១៦ គ្រឿង CPU ១៦ គ្រឿង និងម៉ូនីទ័រ ០៩ គ្រឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
ទាំងនេះបានស្តែងឱ្យឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចកវិទ្យាបានវិវត្តទៅជាតូចៗ និងរាយប៉ាយតាមទីតាំងផ្សេងៗគ្នា ដូចជាតាមផ្ទះល្វែង បន្ទប់ជួល ឬហាងទំនិញជាដើម ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបង្កើនកិច្ចសហការ និងការរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ចេញពីកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរ លេខាធិការដ្ឋានគ.ប.ឆ.ប.អំពាវនាវជាថ្មីឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស។ សូមបញ្ជាក់ជាថ្មីថាក្រោយការបោសសម្អាតរយៈពេលជាង១ឆ្នាំក្នុងក្របខណ្ឌយុទ្ធនាការជាតិ សកម្មភាពឆបោកដែលបន្តកើតមាន កំពុងផ្លាស់ប្តូររូបភាព ទៅជាប្រតិបត្តិការតូចៗ ដោយធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ហាងកាហ្វេ ។ល។
យោងតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគ.ប.ឆ.ប. ថ្លែងក្នុងជំនួបជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បច្ចុប្បន្ននេះនៅកម្ពុជាគ្មានទៀតទេ ទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ ឬហៅថាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះទីតាំងធំៗចំនួន ៨៦ កន្លែង ដែលត្រូវបានរកឃើញដោយសមត្ថកិច្ចកម្ពុជានាពេលកន្លងមក ត្រូវបានបង្រ្កាប គ្រប់គ្រង និងចាត់វិធានការដើម្បីឈានទៅរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន។ រីឯមេខ្លោង គូកន និងអ្នកជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវចាត់វិធានការដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។
សមត្ថកិច្ចកម្ពុជាបាន និងកំពុងបន្តស្រាវជ្រាវ សើបអង្កេត និងរកឃើញសកម្មភាពឆបោកអនឡាញមួយចំនួនទៀត ដែលលេខាធិការដ្ឋានគ.ប.ឆ.ប. នឹងផ្តល់ព័ត៌មានជូនក្រោយទទួលបានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចក្នុងពេលខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយម៉ឺងម៉ាត់បំផុត ជូនដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាអតិបរមា ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលវិវត្តរូបរាងជាទម្រង់ផ្សេងៗ និងបង្កភាពស្មុគស្មាញ។
ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របពេលដែលក្រុមជនល្មើសបានផ្លាស់ប្តូរយុទ្ធសាស្ត្រពីប្រតិបត្តិការទ្រង់ទ្រាយធំ មកជាការលួចលាក់ធ្វើសកម្មភាពតាមទីតាំងតូចៗ រាយប៉ាយ ដូចជាតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះល្វែង និងហាងកាហ្វេ រាជរដ្ឋាភិបាលបាន និងកំពុង៖
សូមរំលឹកជូនផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា កម្ពុជាបន្តបើកចំហរសម្រាប់គ្រប់កិច្ចសហការទាំងអស់ជាមួយបណ្តាប្រទេស អង្គការដៃគូ និងភាគីពាក់ព័ន្ធ សម្រាប់រួមចំណែកក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នាឱកាសនោះដែរ ឯកឧត្តមបានស្នើទៅកាន់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ ឱ្យសហការជាមួយលេខាធិការដ្ឋានគបឆប ក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានស្តីពីទីតាំងសង្ស័យមាន ករណីលបលួចធ្វើសកម្មភាពឆបោកអនឡាញ ដើម្បីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអន្តរាគមន៍ឆាប់រហ័ស។
ការណ៍នេះនឹងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឆ្លើយតបបានទាន់ពេលវេលា បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ ព្រមទាំងបង្ហាញពីភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឱ្យកម្ពុជាក្លាយជាជម្រក ឬជារងគ្រោះនៃក្រុមឧក្រិដ្ឋជនឆ្លងដែនឡើយ៕




