ឯកឧត្តម ហេង សួរ អបអរសាទរសិស្ស-និស្សិតបញ្ចប់ការសិក្សាជាង ១ម៉ឺននាក់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលក្លាយជាកម្លាំងចលករថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ
(តាកែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភីឆ្នាំសិក្សា២០១៤-២០២៥ ចំនួន ៥៩០ អង្គ/នាក់ (ស្រី ២៧៧នាក់) ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ១៦ ០៤១នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។
ថ្លែងទៅកាន់អ្នកចូលរួមជាង ៨០០ អង្គ/នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញតួនាទីដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវ ការទុកចិត្ត និងការតាំងចិត្តខ្ពស់រហូតបញ្ចប់ការសិក្សាតាមរយៈការចាប់យក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវេត TVET) ធ្វើជាស្ពានចម្លងសម្រាប់កសាងអនាគតគ្រួសារ និងសង្គមជាតិ ជាពិសេសចូលរួមក្នុងការផ្លាស់ប្តូរ “ផ្នត់គំនិត” របស់ប្រជាពលរដ្ឋទូទៅ។ ក្មួយៗ មាតាបិតា និងអាណាព្យាបាលគឺជាសាក្សីក្នុងការផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅមូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថាការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាន ជាជម្រើសដ៏វៃឆ្លាត ព្រោះថាការសិក្សាមានរយៈពេលខ្លី បត់បែន និងឆាប់ទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បំពេញតម្រូវការកម្លាំងពលកម្ម និងទាក់ទាញការវិនិយោគ។
ឯកឧត្តមគូសបញ្ជាក់ថា សមិទ្ធផលនៃវិទ្យាស្ថាននេះកើតចេញពីមរតកនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំចាប់តាំងពីឆ្នាំ១៩៧៩មក។ បច្ចុប្បន្ន កម្មវិធី TVET ជាអាទិភាពមួយក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ ជាមួយនឹងការចាត់ទុកមូលធនមនុស្សគឺជា ដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច-ជាតិ សម្តេចធិបតីក៏បានបញ្ជាក់នាពេលថ្មីៗនេះថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមិនស្មើនឹងថ្នាក់បាក់ឌុបនោះទេ ប៉ុន្តែជាជំនាញដ៏ត្រឹមត្រូវមានតម្លៃនិងពិតជាឆ្លើយតបតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ កម្រិតC1 គឺសមមូលថ្នាក់ទី១០, C2 ថ្នាក់ទី១១ និងC3 ថ្នាក់ទី១២ ដែលអាចសិក្សាផ្គុំគ្នាម្តងមួយកម្រិតដើម្បីស្មើនឹងកម្រិតឧមត្តមសិក្សា។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្មួយៗថា គោលដៅនៃការសិក្សាមិនគួរឈប់ត្រឹមការទទួលបានសញ្ញាបត្រ ឬការងារនោះទេ ប៉ុន្តែត្រូវបន្តអភិវឌ្ឍន៍ខ្លួនឱ្យទៅកាន់មុខតំណែងខ្ពស់ និងទទួលប្រាក់ខែកាន់តែប្រសើរ។ ហេតុនេះ ក្មួយៗត្រូវបន្តរៀននៅក្នុងពិភពការងារ ពិភពសង្គម និងពិភពបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងរួមចំណែកសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមពីនេះក៏ត្រូវពង្រឹងជំនាញទន់ ដូចជាការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទង ការសម្របសម្រួល និងការគ្រប់គ្រង ព្រមទាំងចេះអង្កេត រៀនសូត្រ និងកែច្នៃបទពិសោធពីអ្នកដឹកនាំ និងអ្នករួមការងារ ដើម្បីបង្កើនសមត្ថភាព និងទទួលបានជោគជ័យបន្តទៀត។
ឯកឧត្តម ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងជំរុញការអនុវត្តកម្មវិធី TVET ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លើសពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ ក៏ត្រូវបន្តពង្រឹងគុណភាពសិក្សាដោយធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការកម្លាំងពលកម្មជំនាញ និងពង្រីកភាពជាដៃគូជាមួយវិស័យឯកជនដែលក៏នឹងប្រែក្លាយវិទ្យាស្ថាននេះទៅជាកន្លែងធ្វើទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធជោគជ័យផងដែរ។
លោក អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវមានប្រសាសន៍ថា វិទ្យាស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញនិងការងារជាក់ស្តែងដល់យុវជនដែលជួយបំពេញតម្រូវការកម្លាំងពលកម្មក្នុងខេត្ត លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយចំណាកស្រុក ខណៈដែលចំនួនរោងចក្រសហគ្រាសកំពុងកើនឡើង។
លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវបានប្តេជ្ញាបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ពង្រីកភាពជាដៃគូ និងការចុះឈ្មោះចូលរៀនគ្រប់កម្រិត ព្រមទាំងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្មដែលកំពុងវិវត្ត៕







