ភ្នំពេញ៖ ល្ងាចថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គនេះមានសិក្ខាកាមចូលរួមសរុប ១៨០នាក់ មកពី ៥០អង្គភាពទូទាំងប្រទេស ដោយក្នុងនោះ ១៧០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មសមត្ថភាពអ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ពិសេសលើអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្តសាធារណជន ខណៈការប្រើប្រាស់ AI ទាមទារការទទួលខុសត្រូវខ្ពស់ និងការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ គួបផ្សំនឹងការរាយការណ៍ដោយប្រកាន់ខ្ជាប់នូវភាពសុចរិត តុល្យភាព និងការគោរពសិទ្ធិមនុស្ស។
គិតត្រឹមវគ្គទី៩នេះ ក្រសួងព័ត៌មានបានបណ្តុះបណ្តាលអ្នកសារព័ត៌មានសរុប ១.៤៤១នាក់។ លទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបរិបទសង្គមឌីជីថល៕







