ឯកឧត្តម ហង្ស សាមឿន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ប្រចាំកម្ពុជា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ
រាជធានីភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចបវធិបតីនិងជា អនុប្រធានទី២ ប្រចាំការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលដឹកនាំដោយ លោកស្រី យុ ខាណុស៊ូ (Ms. Yu Kanosue) ប្រធានក្រុមប្រតិភូ រួមជាមួយមន្ត្រីសិទ្ធិមនុស្ស នៅទីស្តីការ គ.ជ.គ.ម.។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងណែនាំអំពីអាណត្តិការងាររបស់ OHCHR ប្រចាំនៅកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមអំពីទិសដៅ និងវិស័យអាទិភាពរបស់ គ.ជ.គ.ម. លើកិច្ចការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើការការពារ និងសម្របសម្រួលសុវត្ថិភាព ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋស៊ីវិលដែលរងផលប៉ះពាល់ក្នុងបរិបទនៃជម្លោះតាមព្រំដែន និងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរួមគ្នានានា។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ (ត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦) គ.ជ.គ.ម. បានគ្រប់គ្រង និងជួយសង្គ្រោះប្រជាជនភៀសសឹកសរុបចំនួន ២៨,៤៦៩ គ្រួសារ (ស្មើនឹង ៩០,០៣៧ នាក់) ក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងពោធិ៍សាត់។ ក្នុងនោះ ប្រជាជនភៀសសឹកចំនួន ២៦,៧៤៤ គ្រួសារ បានត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ដោយសុវត្ថិភាព ហើយនៅសល់ ១,៧២៥ គ្រួសារទៀត កំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពចំនួន ២ កន្លែង និងផ្ទះសាច់ញាតិ។
លើសពីនេះ រាជរដ្ឋាភិបាលតាមរយៈ គ.ជ.គ.ម. បានសាងសង់ និងប្រគល់ខ្នងផ្ទះជូនគ្រួសារជនភៀសសឹកបានជាច្រើនខ្នង រួមមាន៖ ខេត្តបន្ទាយមានជ័យ (៣,៣១៨ ខ្នង), ខេត្តឧត្តរមានជ័យ (៧៥៩ ខ្នង ជូន ៨៨២ គ្រួសារ), ខេត្តព្រះវិហារ (៦៩១ ខ្នង) និងខេត្តពោធិ៍សាត់ (២៧ ខ្នង)។
ទន្ទឹមនឹងនេះ សកម្មភាពផ្តល់ជំនួយសង្គ្រោះ និងការស្តារឡើងវិញ ក៏ត្រូវបានអនុវត្តយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដោយគិតចាប់ពីចុងខែតុលា ដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៦៖
ចំណុច កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរដ្ឋាភិបាលជប៉ុន បានចុះស្តារប្រឡាយ ស្រះទឹក ផ្លូវថ្នល់ សាងសង់អគារសិក្សា និងចែករំលែកអង្ករ (៥០គីឡូក្រាម/គ្រួសារ) ជូនដល់ប្រជាពលរដ្ឋ ១,០១៩ គ្រួសារ នៅខេត្តឧត្តរមានជ័យ និង ៩៩៧ គ្រួសារ នៅខេត្តព្រះវិហារ។
ចំណុច មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអង្គការ TPO បានចុះចែកកញ្ចប់ជំនួយបម្រើជីវភាព (Dignity Kits) ព្រមទាំងផ្តល់ការគាំទ្រផ្នែកស្មារតីជូនប្រជាពលរដ្ឋ ៣,៣១៨ គ្រួសារ នៅខេត្តបន្ទាយមានជ័យ, ៨៥០ គ្រួសារ នៅខេត្តឧត្តរមានជ័យ និង ៦៤៥ គ្រួសារ នៅខេត្តព្រះវិហារ។
ជំនួបនេះបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះ និងគ្រោះមហន្តរាយផ្សេងៗ៕


