ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេស បានបន្តបើកប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

(ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេសថ្នាក់ជាតិ អមដំណើរដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេសថ្នាក់ជាតិ លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោង នៅតាមគោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ជាលទ្ធផលក្នុងប្រតិបត្តិការចុះឆ្មក់ គឺ ក្រុមការងារគោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ឃាត់ត្រួតពិនិត្យយានយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបានចំនួន៨គ្រឿង ដែលបានធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣ និងបានធ្វើការកាត់ទ្រុងដែលបានតខុសលក្ខណៈបច្ចេកទេសចេញចំនួន៥គ្រឿង ធ្វើឡើងនៅមន្ទីរសាធារណការនិងដឹកជញ្ជូន និង៣គ្រឿងទៀតនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ សម្រាប់ខេត្តពោធិ៍សាត់ ក្រុមការងារគោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តពោធិ៍សាត់ បាននឹងកំពុងបន្តអនុវត្តសកម្មភាពត្រួតពិនិត្យស្វែងរកយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅ​ត្រួតពិនិត្យរបស់ខ្លួនបន្តទៀត។ ដោយឡែក នៅក្នុងខេត្តបាត់ដំបង ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តបាត់ដំបង បានឃាត់ត្រួតពិនិត្យនិងបានធ្វើការកាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបានចំនួន២គ្រឿនៃប្រតិបត្តិការនេះ។
គួររំលឹកថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ កន្លងមកនេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេសថ្នាក់ជាតិ ក្រុមការងារគោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស​នៅបណ្តារាជធានី ខេត្ត ទូទាំងប្រទេស បានធ្វើការត្រួតពិនិត្យយានយន្តចំនួន ៨ ៥២៩គ្រឿង មានយានយន្តខុសបច្ចេកទេសចំនួន ១ ៧៤០គ្រឿង ក្នុងនោះ បានកាត់ទ្រុង ២៩គ្រឿង ដោះរានតក្រោយរថយន្ត ៥០គ្រឿង រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១៨៤គ្រឿង។