ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧២៤គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន។
បន្ទាប់ពីពិធីចែកអំណោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងពិនិត្យពីការសិក្សានៅសាលាបណ្តោះអាសន្នក្នុងភូមិតាកឹងបៃតងផងដែរ៕





