ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ទទួល អំណោយទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ពីក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដើម្បីរួមចំណែកគាំទ្រដល់កិច្ច ការមនុស្សធម៌ក្នុងសង្គម តាមរយៈ ក្រសួងព័ត៌មាន,
(ភ្នំពេញ)៖ ទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ជាអំណោយរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ត្រូវបាន លោក កុយ សុវណ្ណ នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន អង្គរ ឌែរី នាំយកមកជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ។
លោក កុយ សុវណ្ណ បានជម្រាបជូនថា ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលជារោងចក្រ ផលិតទឹកដោះគោអង្គរមីល បានចូលរួមឧបត្ថម្ភ ទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់ក្នុងកិច្ច ការមនុស្សធម៌ក្នុងសង្គម។
លោកនាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន អង្គរ ឌែរី បានជម្រាបជូនថា ទឹកដោះគោអង្គរមីល ផលិតនៅកម្ពុជា អង្គរមីល ផលិតផលប្រទេស កម្ពុជា ហើយក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុន បានផ្តល់នូវទឹកដោះគោតាមរយៈក្រសួង ស្ថាប័ននានាសម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ។
ក្រុមហ៊ុន ទឹកដោះគោអង្គរមីល បានបើកដំណើរការក្នុងទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ ហើយបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា ផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិតផលិតផលទឹកដោះគោ អង្គរមីល ដោយស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីល បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែក កសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្តប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាព ងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនអង្គរ ឌែរី ប្រដាក ខូ អិលធីឌី ដែលបានផ្តល់អំណោយជាទឹកដោះគោចំនួន ៥០០កេស មកក្រសួងព័ត៌មាន ហើយទឹកដោះគោនេះគឺជាអាហារូបត្ថម្ភ ដ៏សំខាន់ដើម្បីទុកចែកជូនដល់មន្ត្រីជាស្ត្រី សម្រាប់ជួយបំប៉នសុខភាព និងទុកចែកជូនដល់កុមារ ជាកូនចៅរបស់មន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងឱកាស នៃការប្រារព្ធទិវា កុមារ អន្តរ ជាតិ ខួបលើកទី៧៧ នាពេលខាងមុខនេះ ដែលក្រសួងព័ត៌មានតែងតែរៀបចំពិធីជួបជុំលេងកំសាន្តសប្បាយ និងចែកអំណោយជាសម្ភារៈសិក្សាជូនដល់កុមារថែមទៀតផងដែរ។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី នាឱកាសនេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រ្តីក្រសួងព័ត៌មាន សូមជូនពរ ក្រុមហ៊ុន និងសហការី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



