ខេត្តព្រះសីហនុ ត្រៀមខ្លួនទទួលស្វាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP) នៅឆ្នាំ២០២៧
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការទទួលនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (50th SSEAYP) ដែលគ្រោងនឹងចូលចតនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៧។
ក្នុងកិច្ចប្រជុំនោះ លោក សាមុត សុធារឹទ្ធិ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមកម្លាំងចម្រុះ និងមន្ទីរជំនាញពាក់ព័ន្ធរួចរាល់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំបរិស្ថានឱ្យបានល្អបំផុត។ ការងារនេះមិនត្រឹមតែដើម្បីស្វាគមន៍នាវាប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីភាពរីកចម្រើន សក្តានុពលសេដ្ឋកិច្ច និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាទៅកាន់ពិភពលោក។
លោកជំទាវ ស្រូយ សុជាតិ បានគូសបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងចម្បងក្នុងការបង្កើតឱកាសឱ្យយុវជនក្នុងតំបន់បានស្វែងយល់ពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាពីភាពខុសគ្នានៃទំនៀមទម្លាប់ ដើម្បីកសាងសុខសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង។ តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានឹងបង្ហាញជូនពិភពលោកនូវសមិទ្ធផលនៃការអភិវឌ្ឍ និងទំនាក់ទំនងដ៏ល្អប្រសើររបស់យុវជនខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា នេះគឺជាលើកទី៣ ហើយ ដែលកម្ពុជាទទួលស្វាគមន៍នាវានេះ (បន្ទាប់ពីឆ្នាំ២០១៤ និងឆ្នាំ២០១៧) ដែលមានយុវជនប្រមាណ ៣០០នាក់ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ និងប្រទេសជប៉ុន។
អត្ថបទ៖ សូត្រ



