ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារដាំកូនឈើហូបផ្លែ និងឈើប្រណីត ៥ប្រភេទ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ អ.ន. ក ខេត្តព្រះសីហនុ បានអញ្ជើញ ដាំកូនឈើចម្រុះចំនួន ៥ប្រភេទ រួមមាន៖ កូនសាវម៉ាវ មង្ឃុត ទុរេន ប័រ និងកូនឈើគគីរ។

ការដាំកូនឈើចម្រុះនេះ នៅទីតាំងទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមលេខាធិការដ្ឋានគណៈកម្មាធិការ អ.ន.ក ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុផងដែរ។

ការដាំកូនឈើហូបផ្លែ និងឈើប្រណិតនាពេលនេះ មិនត្រឹមតែជួយបង្កើតគម្របបៃតង បង្កើនសោភ័ណភាព និងបរិស្ថានស្រស់បំព្រងនៅជុំវិញទីស្នាក់ការសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការលើកកម្ពស់ការដាំដុះ និងការថែរក្សាធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិផងដែរ៕