កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិរុស្ស៊ីក្រុមដំបូង មកកាន់ព្រះរាជាណាចក្រកម្ពុជា

កាលពីល្ងាច ទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានភ្ញៀវទេសចរជនជាតិរុស្ស៊ីក្រុមដំបូង បានធ្វើ ដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ នៃក្រសងទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ដំណើរទស្សនកិច្ចលើកដំបូងរបស់ក្រុមភ្ញៀវទេសចររុស្ស៊ីដោយមានទាំងក្រុម Influencer ល្បីៗផងនោះ បានធ្វើឡើងក្រោមការសម្របសម្រួលដោយ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាស្ថាបនិកក្រុមហ៊ុនទេសចរណ៍ AVB Holiday Adventure ដោយសហការជាមួយ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការ ក្រុមហ៊ុន KJET Group ដែលជាក្រុមហ៊ុនផ្តល់សេវាយន្តហោះ Private Jet ឈានមុខមួយនៅកម្ពុជា។ លោក Vladimir ក៏ជាប្រធានសាខា BRICS House ដែលដើរតួនាទីជាតំណាងតភ្ជាប់ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសរុស្ស៊ី និងកម្ពុជា ផងដែរ។

 

ឯកឧត្តម នាង ម៉ៅ បានអោយដឹងថា ការមកដល់របស់ភ្ញៀវទេសចរជនជាតិរុស្ស៊ីក្រុមដំបូងនេះ គឺជាសញ្ញាវិជ្ជមាន មួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា និងបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ភ្ញៀវ ទេសចរអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការ អភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវ ទេសចរអន្តរជាតិ។ឯកឧត្តមក៏បានសម្តែងការគាំទ្រ ចំពោះកិច្ចសហការរវាងវិស័យឯកជន និងក្រសួង ទេសចរណ៍ ក្នុងការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី និងអន្តរជាតិ ដោយ ចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាព ចំណាយខ្ពស់ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ដំណើរលើកដំបូងនេះ ត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការពង្រឹង ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសក្នុងវិស័យទេសចរណ៍ វិនិយោគ និងការផ្លាស់ប្តូរ វប្បធម៌។ ក្រុមទេសចររុស្ស៊ីបានចាប់ផ្តើមងាកមកស្គាល់ និងចាប់អារម្មណ៍លើប្រទេសកម្ពុជា បន្ទាប់ពីដំណើរទេសចរណ៍របស់ពួកគេនៅប្រទេសវៀតណាម និងប្រទេសផ្សេងទៀត។

លោក Vladimir Palancica ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យទេសចរណ៍អន្តរ ជាតិ បានលើកឡើងថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍ដ៏សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរ សមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត សុវត្ថិភាព និងប្រជាជនដែលមានភាពរួសរាយ រាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកថាជាក្រុមទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ និង ចូលចិត្តសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដូចជា ទេសចរណ៍សុខភាព ស្ប៉ា រមណីយដ្ឋាន ឆ្នេរសមុទ្រ ការស្នាក់នៅរយៈពេលវែង និងការធ្វើដំណើរបែប Private & Luxury Tourism ។ ជាមធ្យម ពួកគេធ្វើដំណើររយៈពេលពី ៥ ទៅ ៧ថ្ងៃ ហើយមួយចំនួនអាចស្នាក់នៅរហូត ដល់ ១ ទៅ ២ខែអាចជួយជំរុញប្រាក់ចំណូលចូលក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ការ ដឹកជញ្ជូន សិប្បកម្មក្នុងស្រុក និងអាជីវកម្មទេសចរណ៍ផ្សេងៗជាច្រើន។រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ការពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ តាមរយៈគោលនយោបាយបើកចំហ ការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ កម្ពុជា ក៏កំពុងផ្តោតលើការផ្សព្វផ្សាយទេសចរណ៍គុណភាពខ្ពស់ និងការទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ពីទីផ្សារថ្មីៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ។

លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន KJET Group និង លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន AVB Holiday Adventure បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម នាង ម៉ៅ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម ស្វាគមន៍ដំណើរលើកដំបូងរបស់ភ្ញៀវទេសចររុស្ស៊ី ជាមួយក្រុមហ៊ុនទាំងពីរ នៅលើទឹកដីខេត្ត សៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។