ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញពីវឌ្ឍនភាពការងារនីតិកម្ម ឆ្ពោះទៅពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានក្រុមការងារនីតិកម្ម អញ្ជើញធ្វើបទបង្ហាញស្តីពីការងារនីតិកម្មសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ការរៀបចំសិក្សាលើការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងព័ត៌មានក្លែងក្លាយ ។
បទបង្ហាញនេះបានធ្វើឡើងនៅក្នុងដំណើរការនៃកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និង
សោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ក្នុងបទបង្ហាញ ឯកឧត្តម ប្រាក់ ថាវអមិដា បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងការសិក្សា និងរៀបចំកសាងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងព័ត៌មានក្លែងក្លាយ ដែលជាការងារសំខាន់ក្នុងការពង្រឹងក្របខណ្ឌច្បាប់ និងការគ្រប់គ្រងវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងបរិបទសារព័ត៌មាននាពេលបច្ចុប្បន្ន។
ការងារនេះ គឺជាផ្នែកមួយនៃផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងពង្រឹងប្រព័ន្ធនីតិកម្ម និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕






