ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

រាជធានីភ្នពេញ៖ នារសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម កែ ប៊ុនឡេង ប្រធានក្រុមប្រឹក្សាស្តីទីរាជធានីភ្នំពេញ ឯកឧត្តម ឯក ឃុនដឿន អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការមន្ទីរសាធារណការជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានយកឱកាសនេះថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការ និងការរួមសហការគ្នាបានយ៉ាងល្អពុះពារជម្នះនូវរាល់ការលំបាក​គ្រប់​បែបយ៉ាងក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារជំនាញ​រហូតឈានទៅសម្រេចបានជោគជ័យ ​ឆ្លើយតបបានតាមសំណូមពរ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ផែនការគោលនយោបាយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា​រាជ​រដ្ឋា​ភិបាល​ដែលបានប្រគល់ជូន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើនូវការបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ ចេះរួមសុខរួមទុក្ខ កសាងឱ្យបាននូវភាពសុខុដុមរមនា និងចេះជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ត្រូវសិក្សាស្វែងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស គិតគូរដល់ការចាត់ចែងមន្រ្តីឱ្យទទួលការបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗបើមាន ដើម្បីយកចំណេះដឹងទាំងនោះមកបន្ថែមល្បឿនការងារ ត្រូវផ្តល់ការលើកសរសើរ និងការលើកទឹកចិត្តផ្សេងៗ ដល់បុគ្គលិកមន្ត្រីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសបុគ្គលិកមន្ត្រីរាជការរបស់យើង​ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការងារនាពេលកន្លងមក ក៏ដូចជាក្នុងពេលអនាគត៕