ឯកឧត្តម បាន លឹម អគ្គនាយករង ARDB អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៦បានអញ្ជើញដឹកនាំសហការីចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផលិត និងការប្រើប្រាស់ផលិតផលជាតិ ព្រមទាំងបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) បង្ហាញស្នាដៃ ផលិតផលសម្រេច សេវាកម្ម និងការច្នៃប្រឌិតថ្មីៗរបស់ផលិតករខ្មែរមកពីគ្រប់ទិសទីទូទាំងប្រទេស។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសរួមគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការជ្រើសរើសទិញ និងប្រើប្រាស់ ឱ្យបានច្រើនតាមលទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងស្មារតីស្នេហាជាតិ ជំរុញផលិតកម្មក្នុងស្រុក និងបង្ហាញពីមោទនភាពចំពោះស្នាដៃផលិតករខ្មែរ។

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦នេះ ត្រូវបានរៀបចំមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ផលិតផលខ្មែរលើកទី៤នេះមានការដាក់តាំងបង្ហាញប្រមាណ៣០០ស្តង់និងផលិតផលប្រមាណជាង១០០០មុខ ៕