រដ្ឋមន្រ្តីសុខាភិបាល៖ «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការដ៏ធំ សម្រាប់ជីវិតម្នាក់ៗផ្ទាល់ សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិយើង នាពេលអនាគត ដូច្នេះយើងរួមគ្នាទទួលខុសត្រូវសុខភាពរបស់យើង និងក្រុមគ្រួសារ ដើម្បីភាពរឹងមាំ និងការរីកចម្រើននៃគ្រួសារ និងសង្គមជាតិយើង។»
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើក ទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ៖ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម» ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពជាក់ស្តែងក្នុងការបង្ការ ការរកឃើញជំងឺឱ្យបានឆាប់ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាក្នុងការលើកកម្ពស់សេវាសុខាភិបាល ការពិនិត្យ ព្យាបាល និងការថែទាំជំងឺមិនឆ្លងនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យបានបញ្ជាក់ថា ទិវាទឹកនោមផ្អែមពិភពលោក គឺជាឱកាសដ៏មានសារៈសំខាន់ នៃការយល់ដឹងអំពីហានិភ័យ នៃជំងឺទឹកនោមផ្អែមរបស់ប្រជាពលរដ្ឋ សារៈសំខាន់នៃការរកឃើញជំងឺ ឱ្យបានទាន់ពេល និងភាពចាំបាច់នៃការទទួលបាន សេវាថែទាំសុខភាព ប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព។ ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ និងជាជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺបេះដូង និងសរសៃឈាម ជំងឺតម្រងនោម ការខូចខាតសរសៃប្រសាទ ជំងឺបាតភ្នែក និងជំងឺផ្សេងៗទៀត ប្រសិនបើមិនត្រូវបានពិនិត្យឃើញ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការអន្តរាគមន៍ឆាប់រហ័ស មិនត្រឹមតែជួយកាត់បន្ថយផលវិបាក នៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះជីវិត កាត់បន្ថយបន្ទុកចំណាយលើគ្រួសារ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ដើម្បីជំរុញការអនុវត្តក្នុងការបង្ការជំងឺទឹកនោមផ្អែម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍សំខាន់ៗដូចខាងក្រោម៖
-ពង្រឹងសេវាសុខភាពបឋម ដើម្បីឱ្យការបង្ការ ការពិនិត្យរកជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា និងកាន់តែជិតប្រជាពលរដ្ឋ។
-បង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាព ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ដែលមាន អាយុចាប់ពី ៤០ឆ្នាំឡើង ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យរកជំងឺ ទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម រួមទាំងបង្កើនការយល់ដឹងអំពីរោគសញ្ញា កត្តាហានិភ័យ។
-ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការតាមដាន និងការផ្តល់ការប្រឹក្សាដល់អ្នកជំងឺ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព នៃសេវាថែទាំ។
-ជំរុញការទទួលបានឱសថចាំបាច់ប្រកបដោយសមធម៌ និងនិរន្តរភាព ដើម្បីធានាថាអ្នកជំងឺអាចទទួលបានឱសថ និងសម្ភារៈចាំបាច់សម្រាប់ការព្យាបាល និងគ្រប់គ្រងជំងឺជាប្រចាំ។
-ពង្រឹងប្រព័ន្ធទិន្នន័យ ការតាមដាន និងការវាយតម្លៃ ដើម្បីធានាថាការរៀបចំ គោលនយោបាយ ការកំណត់អាទិភាព និងការបែងចែកធនធាន ផ្អែកលើភស្តុតាង និងតម្រូវការជាក់ស្តែង។
-បង្កើនការចូលរួមរបស់សហគមន៍ និងអ្នកជំងឺផ្ទាល់ ដើម្បីឱ្យការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្លាយជាកិច្ចការរួមរបស់សង្គមទាំងមូល។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកការបង្ការ និងការគ្រប់គ្រង ជំងឺទឹកនោមផ្អែម ជាការងារអាទិភាព ដែលត្រូវអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តគាំទ្រការកសាងសមត្ថភាព ការអប់រំសុខភាព ការពង្រឹង និងពង្រីកសេវាសុខាភិបាល ដើម្បីធានាថាការងារអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមរយៈការប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ ការពិនិត្យសុខភាពជាប្រចាំ ការស្វែងរកសេវាសុខាភិបាល នៅពេលមាន រោគសញ្ញាសង្ស័យ និងចូលរួមអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល៕


