ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងវិស័យព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគម ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងវិស័យព័ត៌មាន។
គូរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មាធិការ, ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ ជាអនុប្រធាន, ឯកឧត្តម ទន់ សារ៉ាត លោកជំទាវ សន ម៉ារ៉ាដា ឯកឧត្តម សាន សំបូរី និងលោកជំទាវ ទេស ផល្លីន ជាសមាជិក ។
សមាសភាពដែលបានតែងតាំងខាងលើ ត្រូវគោរពនិងអនុវត្តលក្ខន្តិកៈសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតឬមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស សេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តនៃគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ និងសេចក្តីសម្រេចឬគោលការណ៍ណែនាំផ្សេងៗរបស់សមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសមាគម បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ ដែលបានចូលរួមបម្រើជាតិមាតុភូមិ និងអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាឱ្យមានការរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគម បន្តពង្រឹងការងារសាមគ្គីភាព យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក ព្រមទាំងរៀបចំសកម្មភាពនានាដែលមានអត្ថប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជនក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យការអនុវត្តផែនការការងារកន្លងមក ការជំរុញសកម្មភាពសង្គម និងសប្បុរសធម៌ ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់អតីតមន្ត្រី និងនិវត្តជន ព្រមទាំងការពង្រឹងសាមគ្គីភាព និងកិច្ចសហការរវាងសមាជិកសមាគមឱ្យកាន់តែមានប្រសិទ្ធភាព៕



