ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាស្តីពី «បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី បាឋកថាស្តីពី «បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់ (ស្រី១៩៨ និងព្រះសង្ឃ១០អង្គ) ទាំងចូលរួម ដោយផ្ទាល់នៅក្នុងសហសាល និងពីចម្ងាយតាមប្រព័ន្ធអនឡាញMicrosoft Teams ។
តាមសន្ទរកថាស្វាគមន៍របស់ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា កម្មវិធីបាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ទី១.ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការីបានជួបប្រាស្រ័យនិងទទួលការណែនាំ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងទី២.ក៏ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបក្នុងវិស័យសាធារណៈ ពិសេសវិស័យសុខាភិបាលពី ឯកឧត្តម សាស្ត្រាចារ្យ រដ្ឋមន្ត្រី ផងដែរ។
ឯកឧត្តមនាយករងសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ជូនបន្តថា
ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកជា វេទិកាសំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ នៅក្នុងឱកាសនេះ ឯកឧត្តម សុខ សេងយ៉ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងបានចាត់ទុកថា ការគាំទ្រ និងការចូលរួមចំណែករបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី គឺជាសកម្មភាព ប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់ ក្នុងការជួយជំរុញនិងពង្រឹងដំណើរការនៃ វគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទ រដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសាធា រណៈ ឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍នៃការបម្រើជាតិមាតុភូមិ ស្របតាមចក្ខុវិស័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាតំណាងឲ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមចូលរួមកសាង និងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់ និងមានតម្លៃជាមួយនិងសាលាភូមិន្ទរដ្ឋបាល តាមរយៈបទបាឋកថានេះ។ ឯកឧត្តម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា មាតិកានៃបទបង្ហាញ ស្តីពី បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដែលត្រូវលើកយកមកចែករំលែកដល់សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃនេះរួមមាន៖ ទស្សនទាននៃភាពជាអ្នកដឹកនាំ និងវាក្យសព្ទគន្លឹះ, ការរំពឹងទុកចំពោះបុគ្គលជាអ្នកដឹកនាំ, គុណវុឌ្ឍិ និងលក្ខណៈសម្បតិ្តរបស់អ្នកដឹកនាំឆ្នើម, ការបញ្ជាក់ពីអត្តសញ្ញាណ និងការប្តេជ្ញាចិត្តនៃភាពជាអ្នកដឹកនាំ, ភាពជាអ្នកដឹកនាំក្នុងសកម្មភាពអនុវត្ត, អភិក្រម និងវិធីសាស្រ្តការងាររបស់អ្នកដឹកនាំ, សណ្ឋានផ្សេងៗ នៃភាពជាអ្នកដឹកនាំ ទៅតាមតួនាទី និងមុខងារ និងសន្និដ្ឋាន ការស្រាយបំភ្លឺនូវទស្សនទាន យល់ច្រឡំ និងសារគន្លឹះសំខាន់ៗ៕



