ឯកឧត្តម នេត្រ ភក្ត្រា ប្រគល់លិខិតថ្លែងអំណរគុណជូនយុវជនស្ម័គ្រចិត្ត និងនិស្សិតផ្នែកភាសាបារាំង ដែលបានចូលរួមសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណជូនមន្ត្រីរាជការ និងយុវជនស្ម័គ្រចិត្តជានិស្សិតដែលមានចំណេះដឹងភាសាបារាំង ដែលបានចូលរួមសហការ និងសម្របសម្រួលការងារជាមួយអនុគណៈកម្មការទី៣ ទទួលបន្ទុកព័ត៌មាន និងផ្សព្វផ្សាយ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនានា ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

ពិធីប្រគល់លិខិតថ្លែងអំណរគុណនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងបង្ហាញនូវការកោតសរសើរ និងការទទួលស្គាល់ចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់មន្ត្រីរាជការ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានសហការជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកអនុគណៈកម្មការទី៣ ក្នុងការបំពេញភារកិច្ច និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ការចូលរួមរបស់យុវជនស្ម័គ្រចិត្តទាំង ៣២នាក់ នាពេលកន្លងមក គឺជាចំណែកដ៏មានតម្លៃក្នុងការគាំទ្រដល់ការបំពេញបេសកកម្មរបស់អនុគណៈកម្មការទី៣ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនានា ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រគល់លិខិតថ្លែងអំណរគុណនាពេលនេះ មិនត្រឹមតែជាការបង្ហាញនូវការកោតសរសើរ និងការដឹងគុណចំពោះការរួមចំណែករបស់យុវជនស្ម័គ្រចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តឱ្យយុវជនបន្តរក្សាស្មារតីស្ម័គ្រចិត្ត ស្មារតីទទួលខុសត្រូវ និងការចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការងារបម្រើជាតិ ព្រមទាំងយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានទៅបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ៕