ក្រុមការងារអាហារូបករណ៍ អ.ម.ត នាំប្រសាសន៍ សម្តេចធិបតី និងលោកជំទាវបណ្ឌិត៖ «រៀនឱ្យចប់ រៀនឱ្យចេះ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ» ជូនដល់និស្សិតជំនាន់ថ្មី អ.ម.ត ឆ្នាំ២០២៦-២០២៧

រាជធានីភ្នំពេញ — នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានបន្តរៀបចំពិធីសំណេះសំណាល និងតម្រង់ទិសសិក្សាជូនដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ឆ្នាំសិក្សា ២០២៦-២០២៧ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៨ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC), សាកលវិទ្យាល័យបញ្ញាជាតិ (PCU), សាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU), សាកលវិទ្យាល័យវេស្ទើន (WU), សាកលវិទ្យាល័យវ៉ាន់ដា (VU), សាកលវិទ្យាល័យអន្តរជាតិ (IU), សាកលវិទ្យាល័យខេមរៈ (KU), សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU), សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP), សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា (IIC), ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិសង្គមកិច្ច (NISA), វិទ្យាស្ថានខ្មែរជំនាន់ថ្មី, វិទ្យាស្ថានវីឌីស៊ី (WIDCY) និងវិទ្យាស្ថានអាហ្កា។

វេទិកានេះបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយដាក់ជាគោលការណ៍កំណត់ជោគវាសនាសិក្សា៖ «រៀនឱ្យចប់ រៀនឱ្យចេះ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ»។

ជាមួយគ្នានេះ ការតម្រង់ទិសបានបង្ហាញពីទស្សនវិស័យស៊ីជម្រៅ ដោយជំរុញឱ្យយុវជនបញ្ញវន្ត អ.ម.ត ចេះសំយោគដោយឆ្លាតវៃរវាង «ទ្រឹស្តីក្នុងសៀវភៅ (Book Knowledge)» និង «បទពិសោធន៍ជាក់ស្តែងក្នុងសង្គម (Street Knowledge)» ដើម្បីកសាងខ្លួនឱ្យក្លាយជា «មូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ បញ្ញាញាណមុតស្រួច សុខភាពមាំមួន និងមានគុណធម៌ សីលធម៌ខ្ពស់» ជាកម្លាំងចលករដ៏រឹងមាំក្នុងការបម្រើ និងកសាងអនាគតមាតុភូមិឱ្យកាន់តែរុងរឿង៕