ឯកឧត្តម នេត្រ ភក្ត្រា បិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម ឆាយ សុផល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ពង្រឹងក្រមសីលធម៌ និងបង្កើនការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមបច្ចេកទេសនៃគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន (ក.អ.ម) បានជម្រាបជូនថា
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានមន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមសរុបចំនួន២៦៣នាក់ ក្នុងនោះអ្នកសារព័ត៌មានចំនួន២៣១នាក់ មកពី១៤៦អង្គភាព។

ខ្លឹមសារនៃវគ្គបណ្តុះបណ្តាល ផ្តោតលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវផ្នែកច្បាប់ និងជំនាញផ្ទៀងផ្ទាត់ព័ត៌មាន ព្រមទាំងការស្វែងយល់អំពីមាតិកាដែលបង្កើត ឬកែប្រែដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់ពីកាតព្វកិច្ចវិជ្ជាជីវៈ និងអាចអនុវត្តការងារប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដោយបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។ ចំណេះដឹងទាំងនេះមិនគួរបញ្ចប់ត្រឹមការសិក្សាក្នុងថ្នាក់នោះទេ ប៉ុន្តែត្រូវយកទៅអនុវត្តជាក់ស្តែងក្នុងការបំពេញការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន និងរក្សាជំនឿទុកចិត្តពីសាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មានត្រូវបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងជំនាញផ្ទៀងផ្ទាត់ព័ត៌មាន ប្រភពព័ត៌មាន រូបភាព និងវីដេអូ ព្រមទាំងត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ។ ការប្រើប្រាស់បច្ចេកវិទ្យាអាចជួយសម្រួលដល់ការស្វែងរក និងផលិតព័ត៌មាន ប៉ុន្តែមិនអាចជំនួសការវិនិច្ឆ័យ ការផ្ទៀងផ្ទាត់អង្គហេតុ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដោយត្រូវផ្អែកលើអង្គហេតុ និងប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន មុននឹងផ្សព្វផ្សាយជាសាធារណៈ។ អ្នកសារព័ត៌មានត្រូវចៀសវាងការផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ការបំភ្លៃការពិត និងការប្រើប្រាស់មាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិតក្នុងរបៀបដែលអាចធ្វើឱ្យសាធារណជនយល់ច្រឡំ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តសិក្សាស្វែងយល់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃបច្ចេកវិទ្យា និងបរិយាកាសព័ត៌មាន។ ការផ្សព្វផ្សាយព័ត៌មានមិនត្រូវផ្តោតតែលើល្បឿននៃការផ្សាយនោះទេ ប៉ុន្តែត្រូវធានាថា ព័ត៌មានមានភាពត្រឹមត្រូវ គួរឱ្យទុកចិត្ត និងបម្រើផលប្រយោជន៍សាធារណៈ។

ជាការកត់សម្គាល់ដែរថា ការដែលក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់មកនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសារព័ត៌មាន តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយព័ត៌មាន និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវក្នុងយុគសម័យឌីជីថល៕