ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងរាប់បាត វេរភត្តាហារប្រគេនព្រះសង្ឃ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង 

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានរៀបចំប្រគេនយាគូ រាប់បាត និងវេរភត្តាហារដល់ព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌ និងធ្វើបង្សុកូល បង្សុកូលពហូឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន និងញាតិការទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យបានទទួលនូវអានិសង្សផលបុណ្យ និងសោយសុខក្នុងសុគតិភពជារៀងរហូត។

ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ពុទ្ធសាសនិកខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលជូនចំពោះបុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។

ពិធីបុណ្យនេះ ក៏ជាឱកាសសម្រាប់កូនចៅសម្តែងការដឹងគុណ និងរំលឹកគុណូបការៈរបស់ឪពុកម្តាយ ជីដូនជីតា និងបុព្វបុរស ព្រមទាំងជាពេលវេលាដែលក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍បានជួបជុំគ្នា ដើម្បីបំពេញកុសល និងពង្រឹងចំណងសាមគ្គីភាព។

ការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាផ្នែកមួយនៃការថែរក្សាព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងបណ្តុះស្មារតីដឹងគុណ ការធ្វើទាន ការចែករំលែក និងការប្រព្រឹត្តអំពើល្អក្នុងសង្គម។

ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នាពេលនេះ គឺជាការរួមចំណែកក្នុងការថែរក្សា និងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមរតកវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ឱ្យបន្តគង់វង្សពីមួយជំនាន់ទៅមួយជំនាន់៕