ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំក្រុមការងារអនុគណៈកម្មការទី៣ ចុះពិនិត្យការត្រៀមរៀបចំការថត និងផ្សព្វផ្សាយពិធីសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាទីជួបជុំវប្បធម៌ចម្រុះពីជុំវិញពិភពលោក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអនុគណៈកម្មការទី៣ និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យទីតាំង និងត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ការថត និងផ្សព្វផ្សាយពិធីសម្ពោធជាផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
ពិធីសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ការចុះពិនិត្យទីតាំង និងត្រៀមលក្ខណៈបច្ចេកទេសនេះ គឺជាផ្នែកមួយនៃការងាររបស់អនុគណៈកម្មការទី៣ ក្នុងការធានាឱ្យការថត ការផលិត និងការផ្សព្វផ្សាយរូបភាពនៃពិធីសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» ប្រព្រឹត្តទៅដោយរលូន មានគុណភាព និងទូលំទូលាយទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងការងារថត និងផ្សព្វផ្សាយ ក្រសួងព័ត៌មានក៏បានត្រៀមរៀបចំមណ្ឌលព័ត៌មាន ដើម្បីផ្តល់សេវាព័ត៌មាន និងសម្រួលដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការទទួលបានព័ត៌មាន ឯកសារ និងបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសកម្មភាព និងកម្មវិធីនានានៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» ព្រមទាំងជួយសម្រួលដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍នេះទៅកាន់សាធារណជនក្នុងប្រទេស និងក្រៅប្រទេស។
«ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានគោលបំណងបង្កើតជាទីតាំងជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកភាពសម្បូរបែបនៃវប្បធម៌រវាងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងផ្តល់ឱកាសដល់សាធារណជនបានស្វែងយល់កាន់តែទូលំទូលាយអំពីពិភពហ្វ្រង់កូហ្វូនី។
ក្នុងរយៈពេល៥ថ្ងៃ «ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន ចាប់ពីម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង៩:០០នាទីយប់ ដោយមានការរៀបចំកម្មវិធី និងសកម្មភាពចម្រុះជាច្រើន រួមមាន៖
១- តំបន់ពន្លាជាតិ៖ មានការតាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពលទេសចរណ៍ និងសមិទ្ធផលនានារបស់បណ្តាប្រទេស រដ្ឋ និងតំបន់ជាសមាជិកអង្គការ OIF ព្រមទាំងស្ថាប័នចំណុះអង្គការ សរុបចំនួន៧៣ពន្លា។
២- សន្និសីទ និងកិច្ចពិភាក្សា៖ មានការរៀបចំសន្និសីទ និងវេទិកាពិភាក្សាលើប្រធានបទចម្រុះប្រមាណ៤០កម្មវិធី ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
៣- ការសម្តែងសិល្បៈ និងវប្បធម៌៖ មានការសម្តែងសិល្បៈ និងវប្បធម៌ពីបណ្តាប្រទេសជាសមាជិកអង្គការ OIF ព្រមទាំងទស្សនីយភាពសិល្បៈរបស់កម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សរុបជាង៥០កម្មវិធី ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ វប្បធម៌ និងអរិយធម៌របស់ប្រទេសនីមួយៗ។
៤- តំបន់តាំងពិព័រណ៍ទូទៅ៖ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការ OIF ក្រសួង ស្ថាប័នសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន សរុបចំនួន១៣០ស្តង់ សម្រាប់ដាក់តាំងបង្ហាញសមិទ្ធផល ផលិតផល សេវាកម្ម និងសក្តានុពលនានា។
៥- ភូមិអាហារហ្វ្រង់កូហ្វូនី៖ ជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយមុខម្ហូប ភេសជ្ជៈ និងផលិតផលម្ហូបអាហារដែលមានលក្ខណៈអត្តសញ្ញាណជាតិរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី តាមរយៈស្តង់ចំនួន៣០ ព្រមទាំងមានសកម្មភាពកម្សាន្ត និងកម្មវិធីអមជាច្រើនទៀត។
ក្រៅពីជាព្រឹត្តិការណ៍តាំងពិព័រណ៍ និងការសម្តែងសិល្បៈ «ភូមិហ្វ្រង់កូហ្វូនី» ក៏ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងការពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជានឹងមានឱកាសបង្ហាញមុខមាត់ជាតិ អត្តសញ្ញាណវប្បធម៌ ប្រពៃណី សិល្បៈ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ជូនដល់គណៈប្រតិភូ ភ្ញៀវអន្តរជាតិ និងសាធារណជនមកពីបណ្តាប្រទេសនានា ព្រមទាំងបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។«ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» មិនត្រឹមតែជាប្រធានបទនៃព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនៃមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា និងការស្វាគមន៍ពិភពលោកមកកាន់កម្ពុជាផងដែរ៕


