ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ចុះត្រួតពិនិត្យការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រៀមសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូន និងសុវត្ថិភាព សម្រាប់ការស្វាគមន៍គណៈប្រតិភូ និងភ្ញៀវជាតិ-អន្តរជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីធានាឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។
ពិធីសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូជាតិ និងអន្តរជាតិ។
«ភូមិហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នឹងបើកដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ក្នុងរយៈពេល៥ថ្ងៃនេះ «ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន ចាប់ពីម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង៩:០០នាទីយប់ ដោយមានកម្មវិធីចម្រុះជាច្រើន ដែលបង្ហាញពីភាពសម្បូរបែបនៃអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលរបស់បណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ កម្មវិធីសំខាន់ៗរួមមាន៖
១. តំបន់ពន្លាជាតិ៖ មានពន្លាចំនួន៧៣ សម្រាប់តាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពលទេសចរណ៍ និងសមិទ្ធផលនានារបស់ប្រទេស រដ្ឋ និងតំបន់ជាសមាជិកអង្គការ OIF ព្រមទាំងស្ថាប័នចំណុះអង្គការ OIF។
២. សន្និសីទ និងកិច្ចពិភាក្សា៖ មានការរៀបចំសន្និសីទ និងវេទិកាពិភាក្សាលើប្រធានបទចម្រុះប្រមាណ៤០កម្មវិធី ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈរវាងអ្នកចូលរួម។
៣. ការសម្តែងសិល្បៈ និងវប្បធម៌៖ មានកម្មវិធីសម្តែងសិល្បៈ និងវប្បធម៌ពីបណ្តាប្រទេសសមាជិកអង្គការ OIF ព្រមទាំងទស្សនីយភាពសិល្បៈជាច្រើនរបស់កម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សរុបជាង៥០កម្មវិធី។
៤. តំបន់តាំងពិព័រណ៍ទូទៅ៖ មានស្តង់ចំនួន១៣០ ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអង្គការ OIF ក្រសួង ស្ថាប័នសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន។
៥. ភូមិអាហារហ្វ្រង់កូហ្វូនី៖ មានស្តង់ចំនួន៣០ សម្រាប់បង្ហាញ និងផ្សព្វផ្សាយម្ហូបអាហារ ភេសជ្ជៈ និងផលិតផលម្ហូបអាហារដែលមានអត្តសញ្ញាណជាតិរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងសកម្មភាពកម្សាន្ត និងកម្មវិធីអមជាច្រើនទៀត។
ការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍ទៅកាន់សហគមន៍អន្តរជាតិ។ ទន្ទឹមនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីផងដែរ៕


