ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានជំរុញការអភិវឌ្ឍទូរទស្សន៍ឌីជីថល ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានព័ត៌មានពិត ត្រឹមត្រូវ គួរឱ្យទុកចិត្ត និងទទួលបានផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទោះរស់នៅក្នុងទីក្រុង ឬតំបន់ជនបទដាច់ស្រយាល ក៏អាចទទួលបានព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគួរឱ្យទុកចិត្ត ព្រមទាំងទទួលបានផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានផាត់ចេញពីដំណើរការនេះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការកសាងក្របខណ្ឌគោលនយោបាយជាតិនេះ គឺជាការចាប់ផ្តើមចាក់គ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល ដោយមានគោលដៅសំខាន់ គឺធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន និងអាចទទួលផលប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីកំពុងប្រឈមនឹងការធ្លាក់ចុះនៃចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលធ្វើឱ្យស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តីមួយចំនួនត្រូវបិទដំណើរការ ខណៈស្ថាប័នផ្សព្វផ្សាយមួយចំនួនទៀតត្រូវកាត់បន្ថយម៉ោងផ្សាយ បុគ្គលិក និងការចំណាយ ដើម្បីបន្តប្រតិបត្តិការ។ ស្ថានភាពនេះបានបង្កើតជាបញ្ហាប្រឈមចំពោះលទ្ធភាពទទួលបានព័ត៌មានពីប្រភពសារព័ត៌មានផ្លូវការ និងប្រកបដោយវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីចុះខ្សោយ ប្រជាពលរដ្ឋកាន់តែងាកទៅប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook និង TikTok ដើម្បីទទួលព័ត៌មាន។ ទោះជាយ៉ាងណា ការទទួលព័ត៌មានតាមបណ្តាញទាំងនេះក៏នាំមកនូវបញ្ហាប្រឈមផងដែរ ជាពិសេសការពិបាកវាយតម្លៃប្រភពព័ត៌មាន ភាពជឿជាក់ និងភាពត្រឹមត្រូវនៃខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាលក៏អាចប្រឈមនឹងការខ្វះលទ្ធភាពទទួលបានព័ត៌មានផងដែរ ដោយសារការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយតាមអង់តែន និងទូរទស្សន៍ខ្សែកាបនៅតាមបណ្តាខេត្ត។ ដូច្នេះ ការអភិវឌ្ឍប្រព័ន្ធទូរទស្សន៍ឌីជីថល និងការពង្រីកលទ្ធភាពទទួលព័ត៌មាន គឺជាកិច្ចការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានប្រភពព័ត៌មានដែលអាចទុកចិត្តបាន។

ដើម្បីបង្ហាញពីការប្រែប្រួលនៃវិស័យទូរទស្សន៍ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីទិន្នន័យប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ដែលបង្ហាញថា ស្ថានីយ៍ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់បានធ្លាក់ចុះពី ២២ មកនៅ ១៥ ស្ថានីយ៍ ខណៈស្ថានីយ៍ផ្សាយបន្តតាមបណ្តាខេត្តបានធ្លាក់ចុះពី ១០១ មកនៅ ៤៦ ស្ថានីយ៍។ ចំណែកទូរទស្សន៍ខ្សែកាបបានធ្លាក់ចុះពី ៤៦ មកនៅ ២២ ប្រព័ន្ធ ហើយទូរទស្សន៍ឌីជីថលបង់ថ្លៃបានធ្លាក់ចុះពី ១១ មកនៅត្រឹម ១ ប្រព័ន្ធ។

ផ្ទុយទៅវិញ ទូរទស្សន៍ផ្សាយតាមអ៊ីនធឺណិតបានកើនពី ៩ ទៅ ១២ និងប្រព័ន្ធផ្សព្វផ្សាយប្រភេទ OTT បានកើនពី ១២ ទៅ ១៤ ដែលឆ្លុះបញ្ចាំងពីនិន្នាការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងអ៊ីនធឺណិតក្នុងការទទួលព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះតម្រូវឱ្យមានការសម្របខ្លួន និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឱ្យស្របតាមបរិបទថ្មី ដោយភ្ជាប់ជាមួយការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាអ៊ីនធឺណិត ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍ឌីជីថលទទួលបានព័ត៌មានប្រកបដោយភាពងាយស្រួល។

តាមរយៈការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល ក្រសួងព័ត៌មានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកសាងប្រព័ន្ធផ្សព្វផ្សាយដែលមានភាពទំនើប ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងពង្រឹងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានដែលមានគុណភាពពីប្រភពដែលអាចទុកចិត្តបាន ដើម្បីរួមចំណែកដល់ការកសាងសង្គមព័ត៌មាន និងការអភិវឌ្ឍប្រទេសជាតិ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ សរុបប្រមាណ ២០០រូប៕