ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ AIPA លើកទី៤៧ ដោយបង្ហាញមោទនភាពចំពោះពានរង្វាន់ឥស្សរជនឆ្នើមរបស់កម្ពុជា និងគូសបញ្ជាក់ពី ភាពបត់បែននៃ «វេទិកាថ្នាក់ដឹកនាំអាយប៉ា»

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ (Committee on Organizational Matters) នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។ អញ្ជើញអមដំណើរក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ នៃព្រឹទ្ធសភា ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និង ឯកឧត្តម មាន ឥស្សរាយស ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។

តាមរយៈកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ១៣ ក្នុងនោះប្រទេស កម្ពុជាមានមោទនភាពយ៉ាងក្រៃលែងចំពោះការអនុម័តសេចក្តីសម្រេចប្រគល់ «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា» ជូនដល់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ដោយទទួលស្គាល់ស្នាដៃ និងការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់។

ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងរបៀបវារៈនៃការរៀបចំ «វេទិកាថ្នាក់ដឹកនាំអាយប៉ា (AIPA Leaders’ Forum)» ឯកឧត្តមបណ្ឌិត លី ឆេង បានគូសបញ្ជាក់ដោយមោទនភាពថា កម្ពុជាគឺជាប្រទេសដែលបានផ្តួចផ្តើមគំនិត និងគាំទ្រការបង្កើតវេទិកាដ៏មានសារៈសំខាន់ និងប្រកបដោយបរិយាបន្ននេះ ដែលត្រូវបានអនុម័តជាផ្លូវការរួចហើយកាលពីមហាសន្និបាតអាយប៉ាលើកទី៤៦ ឆ្នាំ២០២៥។

ដោយឈរលើការពិចារណាលើបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូកម្ពុជា បានលើកឡើងថា សេចក្តីសម្រេចដើមបានផ្តល់នូវភាពបត់បែនគ្រប់គ្រាន់ដល់សភាម្ចាស់ផ្ទះនីមួយៗ ក្នុងការរៀបចំវេទិកានេះ។

ស្របតាមឆន្ទានុសិទ្ធិ និងកាលៈទេសៈជាក់ស្តែង ដោយពុំចាំបាច់កំណត់លក្ខខណ្ឌប្រតិបត្តិ (TOR) ដែលមានលក្ខណៈ តឹងរ៉ឹងពេកនោះឡើយ។ សភាកម្ពុជាក៍បានបញ្ជាក់ជាថ្មីនូវការគោរពគោលការណ៍ឯកច្ឆន្ទ (Consensus) របស់អាយប៉ា ដោយទុកលទ្ធភាពជូនសភាសមាជិកទាំងអស់ពិភាក្សា និងសម្រេចរួមគ្នាលើជំហានបន្ទាប់ សំដៅធានាបាននូវ ឯកភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ផងដែរ៕