ឯកឧត្តម នេត្រ ភក្ត្រា៖ ការចូលរួមរបស់គណៈប្រតិភូ ៨១ ក្នុងចំណោមសមាជិក ៩០ ស្មើនឹង ៩០% បង្ហាញពីភាពទាក់ទាញ និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការចូលរួមពីគណៈប្រតិភូចំនួន ៨១ ក្នុងចំណោមប្រទេស និងរដ្ឋាភិបាលសមាជិកទាំង ៩០ នៃសហគមន៍ហ្វ្រង់កូហ្វូនី ស្មើនឹង ៩០ភាគរយ។ ការចូលរួមក្នុងកម្រិតខ្ពស់នេះ បង្ហាញពីភាពទាក់ទាញ និងសារៈសំខាន់នៃកិច្ចប្រជុំកំពូល ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេសសមាជិកក្នុងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានគូសបញ្ជាក់ថា តួលេខនៃការចូលរួមនេះ មិនមែនគ្រាន់តែជាចំនួនធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងសារៈសំខាន់ដែលប្រទេស និងរដ្ឋាភិបាលសមាជិកផ្តល់ចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងជម្លោះ ភាពមិនប្រាកដប្រជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសេដ្ឋកិច្ច ការជួបជុំដ៏ទូលំទូលាយនេះបង្ហាញថា កិច្ចសន្ទនា ការយោគយល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅតែមានតួនាទីចាំបាច់ក្នុងការជំរុញការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

សម្រាប់កម្ពុជា ការចូលរួមរបស់គណៈប្រតិភូចំនួន ៨១ គឺជាកិត្តិយសដ៏ធំធេង និងជាការទទួលខុសត្រូវដ៏សំខាន់ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព មានបដិសណ្ឋារកិច្ចល្អ និងអំណោយផលដល់ការពិភាក្សាប្រកបដោយផ្លែផ្កា។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា រាជធានីភ្នំពេញបានក្លាយជាចំណុចជួបជុំរបស់សំឡេងចម្រុះមកពីទ្វីបទាំង៥ ដែលមានភាពខុសគ្នាផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងទស្សនៈ។ ភាពខុសគ្នាទាំងនេះមិនគួរក្លាយជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែអាចក្លាយជាកម្លាំងសម្រាប់ការផ្លាស់ប្តូរយោបល់ ការយោគយល់គ្នា និងការស្វែងរកដំណោះស្រាយរួម។

ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ទទួលបានការចូលរួមយ៉ាងទូលំទូលាយពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះទៅកាន់សាធារណជនក្នុងតំបន់ និងពិភពលោក។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកសារព័ត៌មានដែលបានចុះឈ្មោះមានចំនួនសរុប ១ ៣៨២នាក់ មកពីស្ថាប័ន និងអង្គភាពសារព័ត៌មានចំនួន ៣០៨ និងប្រទេសចំនួន ៤២។

ដូច្នេះហើយការចូលរួមរបស់គណៈប្រតិភូពីប្រទេស និងរដ្ឋាភិបាលសមាជិកចំនួន ៨១ ស្មើនឹង ៩០ភាគរយ ព្រមទាំងការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើននេះ បានបង្ហាញពីវិសាលភាព និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការរួមចំណែកលើកកម្ពស់កិច្ចសន្ទនា ការយោគយល់ និងកិច្ចសហប្រតិបត្តិការពហុភាគីលើឆាកអន្តរជាតិ៕