ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីការនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការកងរាជអាវុធហត្ថបណ្តាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថយ៉ាងច្រើនកុះករ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជា និងណែនាំដល់មេបញ្ជាការខេត្តដែលទើបតែងតាំងថ្មី នូវចំណុចគន្លឹះសំខាន់ៗរួមមាន ត្រូវយកចិត្តទុកដាក់កសាងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ព្រោះសាមគ្គីភាពជាកម្លាំងរស់ក្នុងការសម្រេចរាល់ភារកិច្ចការពារជាតិ និងសន្តិសុខសង្គម។ដាច់ខាតមិនត្រូវក្បត់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដោយត្រូវរួមគ្នាបដិសេធ និងមិនពាក់ព័ន្ធជាដាច់ខាតទៅនឹងអំពើខុសច្បាប់នានា ជាពិសេសករណីបំផ្លាញធនធានធម្មជាតិ និងសកម្មភាពល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត (Scams Online) ដែលបង្កការអសន្តិសុខដល់សង្គមជាតិ។កងរាជអាវុធហត្ថគ្រប់រូបត្រូវធ្វើជាគំរូឈានមុខក្នុងការអនុវត្តច្បាប់ មិនត្រូវជ្រកកោន ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ។ ករណីរកឃើញថាមានការលួចលាក់ពាក់ព័ន្ធ ត្រូវអនុវត្តវិន័យកងទ័ព និងច្បាប់រដ្ឋដោយគ្មានការលើកលែងឡើយ។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោកមេបញ្ជាការចាស់ នាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការផ្តាំផ្ញើដល់លោកមេបញ្ជាការថ្មី ត្រូវបន្តដឹកនាំ និងបញ្ជាកម្លាំង ដោយត្រូវពង្រឹងកិច្ចសហការឱ្យបានស្អិតរមួត និងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និងត្រូវរួមគ្នាចៀសវាងដាច់ខាតនូវសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា ត្រូវបានប្រកាសចូលកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដែលត្រូវទទួលភារកិច្ចថ្មី ។

លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការស្មោះត្រង់ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ គោរពបទបញ្ជាថ្នាក់ដឹកនាំ និងខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕