អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកសម្ភារៈ និងថវិកាចំនួន ១០លានរៀល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមរំលែកមរណទុក្ខគ្រួសារសព លោក ពលឯក សុខ ព្រី វីរកងទ័ពជួរមុខ

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងសហការី បាននាំយកសម្ភារៈ និងថវិកាចំនួន ១០លានរៀល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនគ្រួសារសព លោក ពលឯក សុខ ព្រី ជន្មាយុ ២០ឆ្នាំ ដែលបានមរណភាព ក្នុងការបំពេញបេសកម្មដឹកស្បៀងជូនកងទ័ពនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៤ ខែមិថុនា វេលាម៉ោង១ និង៣៥នាទី ពិធីបុណ្យសពស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរកងទ័ព ដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ឱ្យចូលរួមការពារបូរណភាពដែនដី។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ បាននាំយកមកជាមួយនូវអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានដូចជា ៖ អង្គរ ១០០គីឡូក្រាម មីជាតិ ៦កេស ត្រីខ ២កេស ទឹកផ្លែឈើ ២កេស ទឹកបរិសុទ្ឋ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ និងថវិកាចំនួន ១០លានរៀល ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ៕