ឯកឧត្តម តាំង ជុងលី និងលោកជំទាវ សារុន វិធុរ័ត្ន បានអញ្ជើញចុះសួរសុខទុក្ខភូមិកុមារ អេស អូ អេស កម្ពុជា និងនាំយកថវិកាមួយចំនួនទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងខេត្តសៀមរាប ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការភូមិកុមារ អេស អូ អេស កម្ពុជា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ សារុន វិធុរ័ត្ន រួមដំណើរដោយឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខភូមិកុមារ អេស អូ អេស កម្ពុជានិងបាននាំយកអំណោយទៅប្រគល់ជូនភូមិកុមារដែលស្ថិតក្នុងខេត្តសៀមរាប។ តាមរបាយការណ៍សង្ខេបរបស់អ្នកគ្របគ្រង ភូមិកុមារ អេស អូ អេស កម្ពុជា បានជម្រាបជូនថា ភូមិកុមារ អេស អូ អេស កម្ពុជាក្នុងខេត្តសៀមរាប មានកុមារសរុប ចំនួន២២ នាក់ (ស្រី ១១ នាក់) និងយុវជន សរុបចំនួន៣៦ នាក់។ បច្ចុប្បន្នមានការត្រៀមផ្ទះចំនួន ៣ សម្រាប់អ្នកម្តាយចូលនិវត្តន៍មកពីរាជធានី ខេត្តផ្សេងៗ (ដូចជា ភ្នំពេញ និងបាត់ដំបង)។ ត្រៀមផ្ទះចំនួន ២ បន្ថែមទៀតសម្រាប់ផែនការឆ្នាំ ២០២៨ ក្នុងកម្មវិធី ថែទាំបណ្តោះអាសន្ន ដោយសារមណ្ឌលសុំចតនៅខេត្តសៀមរាប មានការកាត់បន្ថយ និងតម្រូវការគឺត្រូវការជំនួយក្នុងរយៈពេលខ្លី។ ភូមិកុមារ អេស អូ អេស កម្ពុជា មានបុគ្គលិកសរុប២១នាក់  ដែលក្នុងនោះមានអ្នកម្តាយ៤នាក់ និងមីង២នាក់។  ក្នុងឆ្នាំ ២០២៦ យុវជនបានរៀនចប់ជំនាញ និងមានការងារធ្វើពេញលេញចំនួន ១២ នាក់។  ក្នុងឆ្នាំនេះដែរ ភូមិកុមារ អេស អូ អេស កម្ពុជា បានចាប់ផ្តើមអនុវត្ត កម្មវិធីពង្រឹងគ្រួសារ (ជ្រើសរើសកុមារចំនួន ៤៨ នាក់ មកពី ២៨ គ្រួសារ)។កម្មវិធី ថែទាំដោយសាច់ញាតិ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសនៅឡើយ។   ឆ្លៀតឱកាសនេះ ឯកឧត្តម តាំង ជុងលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ អង្គការភូមិកុមារ អេស អូ អេស កម្ពុជា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានខិតខំផ្តល់ការអប់រំ ការថែទាំ និងការការពារកុមារនិងយុវជនដើម្បីឱ្យមានចំណេះដឹង ជំនាញ និងឱកាសកសាងអនាគតរបស់ខ្លួន។ ឯកឧត្តម បានមានប្រសាសន៍ថា ការអប់រំគឺជាគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស និងជាកត្តាសំខាន់សម្រាប់ការរីកចម្រើន របស់ប្រទេសជាតិ។     ការអប់រំប្រកបដោយគុណភាព មិនត្រឹមតែផ្តល់ចំណេះដឹងទេ ប៉ុន្តែត្រូវបណ្តុះសីលធម៌ គុណធម៌ វិន័យ ជំនាញជីវិត និងស្មារតីទទួលខុសត្រូវដល់កុមារគ្រប់រូប។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពសំខាន់ សំដៅលើកកម្ពស់គុណភាពអប់រំ ពង្រឹងជំនាញ និងបង្កើនសមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។  ស្របតាម ទិសដៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើការកសាងធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋ។  ការលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារកុមារ គឺជាកិច្ចការអាទិភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុមេធី ។ នៅក្នុងឱកាសនេះ ឯកឧត្តម តាំង ជុងលី បានផ្តាំផ្ញើដល់កុមារ និងយុវជនទាំងអស់  ត្រូវតាំងចិត្តខិតខំរៀនសូត្រ ព្រោះចំណេះដឹង គឺជាគ្រឹះដ៏សំខាន់សម្រាប់ឈានទៅរកភាពជោគជ័យក្នុងអនាគត។  ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ព្រមទាំងចេះដឹងគុណ និងតបស្នងសងគុណដល់អ្នកម្តាយ មីង លោកគ្រូអ្នកគ្រូ និងអ្នកឧបត្ថម្ភទាំងអស់។ត្រូវចេះរៀបចំពេលវេលាឱ្យបានល្អមិនត្រូវខ្ជិលច្រអូសឡើយ។  អំណោយដែលត្រូវចែកជូនដល់ភូមិកុមារ អេស អូ អេស កម្ពុជា រួមមាន៖អង្គរ១០បាវទឹកដោះគោyeos’៤កេសទឹកសុទ្ធ១០កេសទឹកក្រូច១០កេសនិងថវិកាចំនួន១លានរៀល។

តមកនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការភូមិកុមារ អេស អូ អេស កម្ពុជា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ សារុន វិធុរ័ត្ន រួមដំណើរដោយឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងលោកជំទាវ បានអញ្ជើញនាំយកថវិកាមួយចំនួនទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរស្តិតនៅក្នុងខេត្តសៀមរាប។

នៅក្នុងពិធី ឯកឧត្តម តាំង ជុងលី បានសម្តែងនៅក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន របស់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងសប្បុរសជនគ្រប់ទិសទី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ជារៀងរហូតមក។ ជាមួយគ្នានេះ ឯកឧត្តម ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ ដល់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាថែទាំសុខភាពកុមារ ប្រកបដោយគុណភាពខ្ពស់ ដោយក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាពមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។         តាមរបាយការណ៍សង្ខេបរបស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងដោយលោក Kenro Izu ដែលជាជនជាតិជប៉ុន ក្នុងឆ្នាំ ១៩៩៩។ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញដែល ផ្តល់សេវាថែទាំសុខភាពកុមារដែលឈានមុខមួយប្រកប ដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។   ចាប់តាំងពីឆ្នាំ ១៩៩៩ មក មន្ទីរពេទ្យកុមារអង្គរ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល និងសប្បុរសជនក្នុងសហគមន៍ ដើម្បីធ្វើឱ្យសេវាថែទាំសុខភាពសំរាប់កុមារកម្ពុជាកាន់តែមានភាពប្រសើរឡើង។ មកដល់បច្ចុប្បន្ននេះ យើងបានទទួលការពិនិត្យព្យាបាលកុមារកម្ពុជាប្រមាណជាង២,៥ លានករណី។ ជាមួយនឹងកំណើននៃកុមារមានជំងឺ និងរបួស ដែលមណ្ឌល សុខភាពមួយចំនួន នៅក្នុងតំបន់ពួកគេរស់នៅមិនអាចមាន លទ្ធភាពព្យាបាលបាន។មន្ទីរពេទ្យកុមារអង្គរ បានធ្វើការអភិវឌ្ឍន៍ឲ្យមានសេវាពិនិត្យ ព្យាបាល និងថែទាំដោយឯកទេស រួមមានដូចជា៖ ជំងឺមហារីក ,សេវាថែទាំជំងឺ ទារកទើបនឹងកើត ,ជំងឺប្រព័ន្ធប្រសាទ,ជំងឺផ្លូវដង្ហើម, ជំងឺបេះដូង, គ្លីនិកចក្ខុរោគ, ជំងឺតម្រងនោមនិងជម្ងឺគ្រាប់ឈាមជាដើម។ សេវាពិនិត្យ និងព្យាបាលជាច្រើន ដែលផ្តល់ដោយក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យកុមារអង្គរ គឺប្រកបដោយភាពស្ទាត់ ជំនាញ និងស្មារតីវិជ្ជាជីវៈ ព្រមទាំង ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនេះឯកឧត្តម តាំង ជុងលី និងលោកជំទាវ សារុន វិធុរ័ត្ន បានអញ្ជើញនាំយកថវិកាចំនួន ១៥លានរៀល(១៥000 000 រៀល)     ដែលឧបត្ថម្ភដោយសមាគមក្លិបបាលទាត់សៀម រាប យូណាយធីត ពីការប្រកួតបាលទាត់សប្បុធម៌ SRU Charity Pre-Season Cup មកប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍ ជួយសម្រួលដល់និរន្តរភាព ជួយសង្គ្រោះជីវិតកុមារតទៅថ្ងៃមុខបានយូរអង្វែង៕