ឯកឧត្តម ចាយ បូរិន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ៤រូប ង្រៀន នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ (អតីតសាលាភ្នំដូនពេញ)

(ភ្នំពេញ) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ចាយ បូរិន សមាជិក​គណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍​យុវជនគណបក្សថ្នាក់​កណ្ដាល តំណាង​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា និងជា​ប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ​ ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​​ដ៏ថ្លៃថ្លា​របស់​សម្តេច​មហា​បវរធិបតី និងលោកជំទាវ​បណ្ឌិត ជូនលោកគ្រូ ហេង ចាន់ថា លោកគ្រូ ឡុង សារិន ​អ្នកគ្រូ គុជ ស៊ីណេត និងអ្នកគ្រូ ខែម រមណី  គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ប្រធានគណៈប្រតិភូ បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់​ដឹកនាំ​គណបក្សគ្រប់លំដាប់ថ្នាក់ ជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុម​គ្រួសារ ដោយក្ដីនឹករលឹក និង​​ដឹងគុណ។

ឯកឧត្តម​ ចាយ បូរិន បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាឱកាសនេះ គឺជាការបង្ហាញ​ឱ្យ​ឃើញ​ជាក់ស្ដែង​នូវចិត្តកតញ្ញូ និងកតវេទីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានអប់រំបណ្ដុះបណ្ដាលសម្តេចនាពេលកន្លងមក។ តាម​ប្រពៃណី​​​ខ្មែរ និងទ្រឹស្ដី​ព្រះ​ពុទ្ធសាសនា មាតាបិតាជាអ្នកមានគុណទី១ ដែលបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ ចំណែក​​គ្រូ​បង្រៀន​ជាអ្នកមានគុណទី២ ដែលបានផ្ដល់ចំណេះដឹង ពន្លឺបញ្ញា និងសីលធម៌ ធ្វើឱ្យសិស្ស​ក្លាយ​ជា​មនុស្ស​ដែលបរិបូណ៍ដោយវិជ្ជាសម្បទា និងចរិយាសម្បទា ជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពលសម្រាប់​​គ្រួសារ សង្គម និងប្រទេសជាតិ។ ទោះបីសម្តេ​ច​មហា​បវរ​ធិបតី មានភារកិច្ចធ្ងន់ធ្ងរ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិក៏ដោយ ក៏សម្តេច​មិនដែល​ភ្លេច​គុណ​លោកគ្រូ អ្នកគ្រូ ដែល​ធ្លាប់​បាន​បង្រៀននោះឡើយ ទើបបានចាត់ឯកឧត្តម​ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញ​មក​សួរ​សុខ​ទុក្ខលោកគ្រូ អ្នកគ្រូ ​ដល់ទីកន្លែងផ្ទាល់ ដែលជាការ​បន្ត​ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់ពីសម្តេចអគ្គ​មហា​សេនាបតី​តេជោ ដែលតែង​តែ​ដឹងគុណចំពោះគ្រូបង្រៀន ព្រមទាំង​ជាគំរូ​ដ៏ថ្លៃថ្លាសម្រាប់​យុវជន​ជំនាន់​ក្រោយ ក្នុងការ​គោរព​គុណគ្រូ និងលើកតម្កើងវិជ្ជាជីវៈគ្រូបង្រៀន។

លោកគ្រូ អ្នកគ្រូ បានមានប្រសាសន៍ថា​ យើងខ្ញុំ​ព្រមទាំងក្រុមគ្រួសារ ពិតជាមាន​សេចក្ដី​សោមនស្ស​រីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលសម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត នៅតែចងចាំនិងនឹក​រលឹក​នូវគុណបំណាច់របស់គ្រូដែលធ្លាប់បង្រៀន ហើយបានចាត់ឯកឧត្តម​ ចាយ បូរិន ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់ អញ្ជើញមកសួរ​សុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកជូនយើងខ្ញុំ និងក្រុមគ្រួសារ​នាឱកាសនេះ។ សម្រាប់គ្រូ​បង្រៀនគ្រប់រូប គ្មានអ្វីសប្បាយចិត្ត​ជាង​ការបានឃើញសិស្សរបស់ខ្លួន ទទួលបានភាពជោគជ័យនៅក្នុងអាជីពការងារនិងក្លាយជា​អ្នកដឹកនាំ​ដ៏ល្អរបស់​ប្រទេសជាតិ ដែលមាន​ចំណេះដឹង សីលធម៌ និងចិត្ត​កតញ្ញូ​នោះឡើយ។ យើងខ្ញុំ ក្នុងនាមជាគ្រូទទួលបន្ទុកថ្នាក់ផ្ទាល់ នៅចាំថា កាលពី​នៅរៀន សម្តេចមហាបវរធិបតី ជាសិស្សដែលមានអត្តចរិតសុភាពរាបសារ ​ឧស្សាហ៍ព្យាយាម មានវិន័យ គោរពគ្រូ និងមានចិត្តស្រឡាញ់​ការសិក្សា មានសុជីវធម៌ល្អស្គាល់ចាស់ទុំជាទីរាប់អាននិងជាទីស្រឡាញ់ពីសំណាក់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងក្នុងថ្នាក់និងក្នុងសាលា ធ្លាប់ជាសិស្សមាន​សន្តានចិត្តអាណិតប្រោសប្រណីជួយមិត្តភក្ដិរួមថ្នាក់ដែលមានជីវភាពលំបាក។ សម្តេចមហាបវរធីបតីធ្លាប់ជាសមាជិកសម្ព័ន្ធយុវជនសកម្មប្រចាំវិទ្យាល័យដោយបានចូលប្រឡូកគ្រប់ការងារទាំងក្នុងនិងក្រៅសាលាដោយមិនប្រកាន់ឋានៈ ដូចជាពលកម្មបោសសម្អាត ជីកកាយស្មៅក្នុងនិងក្រៅរបងសាលាឡើងប្រក់ស្បូវដំបូលខ្ចូសក្បែរកន្លែងដងទង់ជាតិ​ ចូលរួមស្ទូង និងច្រូតស្រូវ នៅសង្កាត់ព្រៃស និងហូបបាយកញ្ចប់តាមភ្លឺស្រែជាមួយមិត្តរួមថ្នាក់ដោយភាពសាមញ្ញ ព្រោះកាលនោះសាលាភ្នំដូនពេញមានដីស្រែដែលក្រសួងបានចែកឱ្យ។ សម្តេចមហាបវរធីបតីលោកជាសិស្សបានប្រឡងជាប់បានចូលរៀន ថ្នាក់សិស្សពូកែគណិតវិទ្យា ប្រចាំវិទ្យាល័យភ្នំដូនពេញ សម្តេចជាសិស្សពូកែម្នាក់ក្នុងចំណោមមិត្តភក្ដិសិស្សពូកែទាំង30នាក់ ដោយបានចំណាត់ថ្នាក់ប្រចាំខែប្រដេញគ្នាក្នុងចន្លោះលេខ1ឬលេខ2ឬលេខ3។ ដោយការខិតខំព្យាយាមរបស់សម្តេចនៅឆ្នាំបន្ទាប់ លោកបានប្រឡងជាប់ទទួលបានចំណាត់ថ្នាក់លេខ1 “សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស” នៅឆ្នាំ១៩៩៣ បន្ទាប់មកលោកក៏បានប្រឡងជាប់សាលាបណ្ឌិតយោធា នៅអាម៉េរិក។ តាមរយៈការរួមការងារជាគ្រូនិងសិស្ស6ថ្ងៃក្នុងមួយសប្តាហ៍ (ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ កាលនោះថ្នាក់សិស្សពូកែតម្រូវឱ្យរៀនមុខវិជ្ជាឯកទេសចំនួន12ម៉ោង ក្នុង1សប្តាហ៍ សិស្សឃើញមុខគ្រូឡើងធុញ)។ មកដល់ថ្ងៃនេះ ខ្ញុំយល់ឃើញថាសម្តេចមហាបវរធិបតី លោកស័ក្តិសមជាឥស្សរជនដែលអាចកាន់ចង្កូតនាវាកម្ពុជា ទៅរកភាពរីកចម្រើនបានពិតប្រាកដ ព្រោះតាមរយៈសមត្ថភាពពីក្មេងរបស់សម្តេចដែលមានភាពម៉ឺងម៉ាត់ ហ្មត់ចត់ ឧស្សាហ៍ព្យាយាម និងមានចរិយាធម៌ដ៏ប្រពៃ មានសីលធម៌ដ៏ល្អ មានចំណេះជំនាញពិតប្រាកដ។ ជាងនេះទៅទៀត លោកគ្រូ​អ្នកគ្រូ បានបញ្ជាក់ពី​ការគាំទ្រ និងមាន​ជំនឿចិត្តយ៉ាង​មុតមាំ​ចំពោះ​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ​របស់​សម្តេចមហាបវរធិបតី ជាពិសេសការ​យក​ចិត្តទុ​​ក​ដាក់​ខ្ពស់លើវិស័យអប់រំ ការលើក​កម្ពស់ជីវភាព និង​កិត្តិយស​គ្រូបង្រៀន និងការបណ្ដុះ​បណ្ដាល​មូលធនមនុស្ស ដើម្បីការអភិវឌ្ឍ​ប្រទេស​ជាតិ ព្រមទាំង​សូមគោរពជូនពរ សម្តេចអគ្គ​មហា​​សេនា​បតី​តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទទួលបាន​នូវ​ឧត្តម​ពរជ័យ សិរីមង្គល វិបុលសុខ​គ្រប់​ប្រការ និងសូមមាន​សុខភាព​ល្អបរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​ដឹ​កនាំនាវាកម្ពុជា ឈានឆ្ពោះទៅ​រក​វឌ្ឍន​ភាពជានិរន្តរ៍។

ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូបានរម្លឹកអំពីប្រវត្តិការសិក្សា និងការបង្រៀនរបស់ខ្លួន៖

ទី១ លោកគ្រូ ហេង ចាន់ថា ជាកូនទោល កើតនៅឆ្នាំ១៩៦៧ ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ​ ងួន ឆៃងាន(ស្លាប់ជំនាន់ ប៉ុល ពត)​និងម្តាយឈ្មោះ ​ស៊ុន លី(ស្លាប់ជំនាន់ ប៉ុល ពត)​​នៅភូមិ​ដើមស្ដៅ ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។ កាលពីកុមារភាព លោកគ្រូ ហេង ចាន់ថា បានឆ្លងកាត់នូវការឈឺចាប់ក្នុងវិនាសកម្មនៃសង្គ្រាម ទាំងក្នុងរបបសាធារណៈរដ្ឋខ្មែរ លន់ ណុល និងរបប ប៉ុល ពត។ បច្ចុប្បន្ន លោកគ្រូមានមោទនភាព រីករាយក្នុងជីវិត និងមានភព្វសំណាងបានក្លាយ ជាគ្រូបង្រៀនម្នាក់បានរួមចំណែកដ៏តូចស្តួចស្តើងបណ្តុះបណ្តាលសិស្សានុសិស្ស យើងឱ្យក្លាយជាពលរដ្ឋល្អៗនិងមានសមត្ថភាពការពារនិងកសាងឧត្តមប្រយោជន៍ជាតិយ៉ាងល្អប្រពៃ។ លោកគ្រូបានរៀនសូត្រ​រហូតបញ្ចប់សាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ(បច្ចុប្បន្នសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ)ក្រុងភ្នំពេញ នៅឆ្នាំ១៩៨៩ និង​បានក្លាយជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាលយ័ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន។​

ទី២ លោកគ្រូ ឡុង សារិន ហៅ លោកគ្រូ លីន មានស្រុកកំណើតនៅឃុំព្រៃស ស្រុកដង្កោ ខេត្តកណ្ដាល ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ លន់ រី និងម្ដាយឈ្មោះ មួយ អេង មានបងប្អូន ៧នាក់ ស្លាប់អស់៦នាក់។ លោកគ្រូបានបង្រៀន​មធ្យមសិក្សាទុតិយភូមិ ផ្នែកអក្សរសាស្រ្តខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) ពីឆ្នាំ១៩៨០ រហូតឆ្នាំ២០១២។ ​ធ្លាប់បង្រៀន​នៅបណ្ឌិត្យសភានគរបាលជាតិ រយៈពេល១៧ឆ្នាំ ហើយបច្ចុប្បន្ន បង្រៀននៅសាលា ICS និង Berkeley និង E-School Cambodia។

ទី៣ អ្នកគ្រូ គុច ស៊ីណេត ​កើតនៅឆ្នាំ១៩៦៤ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ ក្នុងគ្រួសារ​ជាអាជីវករ ដែលមានឪពុកឈ្មោះ គុជ ឈាន និងម្ដាយឈ្មោះ ឯក ណន ហើយអ្នកគ្រូជាកូនទី៣ ក្នុងចំណោមបងប្អូន ៩នាក់។ អ្នកគ្រូ បានចាប់ផ្ដើមអាជីពជាគ្រូបង្រៀន លើមុខវិជ្ជាជីវវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ ២០២៤ (បច្ចុប្បន្ន ចូលនិវត្ត) ពោលគឺបានបង្រៀនរយៈពេល ៣៦ឆ្នាំ។

ទី៤ អ្នកគ្រូ ខែម រមណី  ​កើតនៅឆ្នាំ១៩៦៤ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ ក្នុងគ្រួសារ​ជាមន្រ្តីរាជការ ដែលមានឪពុកឈ្មោះ តី យ៉ាត និងម្ដាយឈ្មោះ ហេង សៅរ៍ ហើយអ្នកគ្រូជាកូនទី៣ ក្នុងចំណោមបងប្អូន ៣នាក់។ អ្នកគ្រូ បានចាប់ផ្ដើមអាជីពជាគ្រូបង្រៀន លើមុខវិជ្ជាគីមីវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ ២០២៤ (បច្ចុប្បន្ន ចូលនិវត្ត)ពោលគឺបានបង្រៀនរយៈពេល ៣៦ឆ្នាំ។

ជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូបានផ្ដាំផ្ញើ​ ដល់សិស្សានុសិស្ស ដូចខាងក្រោម៖

  1. ត្រូវប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញឱ្យបានច្បាស់លាស់ដើម្បីប្រើឱ្យចំគោលដៅ រួមគ្នាកសាងជាតិ ដោយឈរលើស្មារតីជាតិយើងតែមួយ។
  2. ត្រូវជួយពន្យល់ អប់រំ ធ្វើជាគំរូក្នុងគ្រួសារជាចំបង ឪពុកម្តាយធ្វើអំពើល្អជាគំរូដល់កូនបងកូនបងធ្វើអំពើល្អជាគំរូដល់ប្អូន នោះទើបបង្កើតបានជាគ្រួសារល្អថ្លៃថ្នូរ ហើយបើគ្រួសារនីមួយៗក្នុងសង្គមល្អថ្លៃថ្នូរ ពេលនោះទើបបង្កើតបានប្រទេសមួយថ្លៃថ្នូរដែលពោរពេញទៅដោយពលរដ្ឋមានចរិយាធម៌និងសីលធម៌ល្អ។
  3. បុគ្គលម្នាក់ដែលអាចក្លាយជាមនុស្សដែលមានសមត្ថភាពពេញលេញ មិនអាស្រ័យទៅលើភាពស្ដុកស្ដម្ភនៃព្រទ្យសម្បត្តិតែម្យ៉ាងនោះទេ គឺផ្ដើមចេញពីខ្លួនឯង ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
  4. យើងខ្ញុំពិតជាមានសេចក្ដីរំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន និងមានមនោសញ្ចេតនា​ពេញចិត្ត​យ៉ាងខ្លាំង នឹកស្មានមិនដល់ដែលសម្ដេចបានចាត់ ឯកឧត្តម ចាយ បូរិន និងក្រុមការងារ មកសួរសុខទុក្ខយើងខ្ញុំដែលជាគ្រូបង្រៀន ដែលធ្លាប់បង្រៀន សម្ដេច និងលោកជំទាវបណ្ឌិត ​ដែលសកម្មភាពដ៏ប្រពៃនេះ គឺជាការតភ្ជាប់​មនោ​សញ្ចេត​​នារវាង​គ្រូ និងសិស្ស ទោះបីជាពេលវេលាបានកន្លងផុតទៅយូរឆ្នាំទៅហើយ (ជាង៣០ឆ្នាំកន្លងទៅហើយ) និងជា​ការលើកទឹកចិត្ត ​ផ្ដល់តម្លៃដល់គ្រូបង្រៀន។

តាងនាម សម្តេចមហាបវរធិបតី ឯកឧត្តម​ប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះស្នាដៃ និងការលះបង់របស់លោកគ្រូ​ អ្នកគ្រូ ដែលបានចំណាយពេលស្ទើរពេញមួយជីវិត​ក្នុង​វិជ្ជា​ជីវៈគ្រូបង្រៀន បណ្ដុះ​បណ្ដាលធនធានមនុស្សជូនជាតិអស់ជាច្រើនទសវត្សរ៍ ក្នុងនោះរួមទាំង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ ហើយបានបញ្ជាក់ថា គុណូបការៈរបស់គ្រូបង្រៀន គឺជាមូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល តែង​តែ​​លើកតម្កើង និងមិន​ដែល​ភ្លេចឡើយ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិ​ក្នុង​លោក តាមជួយ​បីបាច់​ថែរក្សា លោកគ្រូ អ្នកគ្រូ មានសុខភាពល្អ កម្លាំង​មាំ​មួន​ និងមាន​ជន្មាយុ​យឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ប្រែ​ក្លាយ​ជា​បការៈដទៃឡើយ៕