ឯកឧត្តម ឈួរ សុបញ្ញា : ព្រះពុទ្ធសាសនា នៅតែជាគ្រឹះសំខាន់ក្នុងការបណ្តុះមនសិកាជាតិ និងដឹកនាំសង្គមខ្មែរ ឱ្យឈានទៅរកសុខសន្តិភាព និងសេចក្ដីចម្រើនជានិច្ច
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ៦ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកគណ:កម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋបានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៦–២០២៧ សម្រាប់ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅវត្តស្វាយជ្រំ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល។ ក្នុងពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានជាច្រើន រួមទាំងព្រះសង្ឃ មន្ត្រីសង្ឃ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមណសិស្ស និងពុទ្ធបរិស័ទ សរុបចំនួន ៦២១ អង្គ/នាក់ ។
ការបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៦–២០២៧ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសាសនា និងការអប់រំសីលធម៌សង្គម។ សមណសិស្ស និងសិស្សានុសិស្ស ត្រូវបានលើកទឹកចិត្តឱ្យខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងបណ្តុះគុណធម៌ ដើម្បីក្លាយជាមនុស្សល្អ និងជាធនធានដ៏មានតម្លៃសម្រាប់ជាតិ។ ពិធីនេះជាសក្ខីភាពបង្ហាញពីការរួមសហការរវាងសាសនា និងអាជ្ញាធរ ក្នុងការកសាងសង្គមដែលមានសីលធម៌ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វាបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនា នៅតែជាគ្រឹះសំខាន់ក្នុងការបណ្តុះមនសិកាជាតិ និងដឹកនាំសង្គមខ្មែរ ឱ្យឈានទៅរកសុខសន្តិភាព និងសេចក្ដីចម្រើនជានិច្ច៕
ក្នុងព្រះឱវាទកថាដ៏មានអត្ថន័យជ្រាលជ្រៅ សម្តេចព្រះឧត្តមមុនី បានប្រទានថេរដីកាណែនាំដ៏សំខាន់ៗ ដើម្បីជាគន្លឹះក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា និងការអប់រំសង្គម ដូចតទៅ៖
១. ពង្រឹងវិន័យនិងសីលធម៌ជាមូលដ្ឋានជីវិត ថោយសម្តេចបានបញ្ជាក់ថា ព្រះសង្ឃ និងសមណសិស្ស ត្រូវយកវិន័យជាគោល ដើម្បីថែរក្សាកិត្តិយស និងជាគំរូល្អសម្រាប់សង្គម ព្រោះសីលធម៌គឺជាគ្រឹះនៃសន្តិភាព។
២. ខិតខំសិក្សាព្រះធម៌ និងបង្កើនបញ្ញា ដោយសម្តេចបានណែនាំឱ្យសមណសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិត និងអាចយកទៅបម្រើសង្គម។
៣. រួមចំណែកថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនា ដោយសម្តេចបានអំពាវនាវឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាថែរក្សាព្រះធម៌ និងបន្តផ្សព្វផ្សាយទៅកាន់ជំនាន់ក្រោយ ដើម្បីឱ្យសាសនារីកចម្រើនយូរអង្វែង។
៤. បណ្តុះសាមគ្គីភាព និងស្មារតីជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា សាមគ្គីភាពជាកម្លាំងដ៏សំខាន់ក្នុងការកសាងសង្គម និងជាតិឱ្យរីកចម្រើន។
៥. អប់រំសង្គមតាមគោលធម៌ដោយបង្កើតមនុស្សល្អសម្រាប់ជាតិដោយបានលើកឡើងថា ព្រះសង្ឃមានតួនាទីសំខាន់ក្នុងការបណ្តុះសីលធម៌ ដើម្បីបង្កើតប្រជាពលរដ្ឋល្អ មានវិន័យ និងមានការទទួលខុសត្រូវចំពោះសង្គម។
៦. យកធម៌ជាគន្លឹះដឹកនាំជីវិត និងការអភិវឌ្ឍជាតិ ដោយសម្តេចបានបញ្ជាក់ថា ការអភិវឌ្ឍណាមួយ បើគ្មានសីលធម៌នាំមុខ នឹងមិនមានចីរភាពឡើយ ដូច្នេះត្រូវយកធម៌ជាគោលក្នុងការរស់នៅ និងដឹកនាំសង្គម។



