ឯកឧត្តម ឈួរ សុបញ្ញា : ពិធីសម្ពោធបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសាខាបន្ទាយមានជ័យ គឺជាបើកទ្វារនៃការបន្តពង្រីកបណ្តុះសីលធម៌ និងពង្រឹងសាមគ្គីសង្គមប្រកបដោយសន្តុិភាព

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ១០ កើត ខែជេស្ឋ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានចូលរួមពិធីបុណ្យសម្ពោធឆ្លងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសាខាខេត្តបន្ទាយមានជ័យ និងបុណ្យផ្កាប្រាក់សាមគ្គី ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវត្តស្វាយចាស់ ដោយមានការនិមន្តជាព្រះអធិបតីពីព្រះធម្មវនវាសី ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តចន្ទប្បញ្ឆោត្តនារាម (វត្តតាសុត) ខេត្តកំពង់ឆ្នាំង។ក្នុងពិធីនេះ មានការនិមន្តចូលរួមពីព្រះមេគណទាំងពីរគណៈ ព្រះថេរានុថេរៈជាច្រើន ព្រមទាំងការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមហាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បង្កើតបានបរិយាកាសពោរពេញដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព។

ឯកឧត្តមមានប្រសាសន៍ថា ព្រះពុទ្ធបានត្រាស់ថា៖ “បញ្ញា នរានំ រតនំ” បញ្ញាជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតសម្រាប់មនុស្ស ហើយបណ្ណាល័យនេះគឺជាដែនដីបណ្តុះបញ្ញា ដែលអាចបង្កើតមនុស្សល្អ សម្រាប់សង្គម និងជាតិ។ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសាខាខេត្តនេះ ត្រូវបានកសាងឡើងក្នុងគោលបំណងបម្រើជាមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយព្រះធម៌ ព្រមទាំងចំណេះដឹងទូទៅ ដល់ព្រះសង្ឃ សមណសិស្ស និងសាធារណជន។ វាជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់បញ្ញា បណ្តុះសីលធម៌ និងពង្រឹងមូលដ្ឋានវប្បធម៌ ដែលជាគ្រឹះនៃសង្គមមានសុខដុមរមនា និងការអភិវឌ្ឍយ៉ាងចីរភាព។ ជាមួយគ្នានេះ ពិធីផ្កាប្រាក់សាមគ្គីក៏បានបង្ហាញពីស្មារតីរួមចំណែក និងសាមគ្គីភាពរបស់ពុទ្ធបរិស័ទ ក្នុងការគាំទ្រព្រះពុទ្ធសាសនា និងវិស័យអប់រំ។ ការចូលរួមទាំងនេះ គឺជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស និងលើកស្ទួយតម្លៃសង្គមឱ្យកាន់តែប្រសើរ។ ពិធីសម្ពោធបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសាខាខេត្តបន្ទាយមានជ័យនេះ មិនត្រឹមជាការបើកអគារថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទ្វារបណ្តុះមនសិកា និងបន្តបេសកកម្មអប់រំសង្គមឱ្យមានសីលធម៌ សុខសន្តិភាព និងការរីកចម្រើនយ៉ាងចីរភាព។

🙏 សូមអនុមោទនាបុណ្យដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមឱ្យអានិសង្សនៃកុសលកម្មនេះ នាំមកនូវសេចក្ដីសុខ បញ្ញា និងសេចក្ដីចម្រើនជានិច្ច៕