ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។ ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី, ឯកឧត្តមសមាជិករដ្ឋសភា, ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ, មេបញ្ជាការយោធភូមិភាគទី១, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលនៃខេត្តជាប់ព្រំប្រទល់ទាំង៣ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
យោងតាមព្រះរាជក្រឹត្យ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រចនាសម្ព័ន្ធដឹកនាំថ្មីរបស់ខេត្តមណ្ឌលគិរី រួមមាន៖ ឯកឧត្តម គង់ គឹមនី (អតីតអភិបាលរងខេត្តក្រចេះ) ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជំនួសលោក ឧត្តមសេនីយ៍ទោ ឡោ សុខា។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលនានាដែលថ្នាក់ដឹកនាំអាណត្តិចាស់សម្រេចបាន។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ណែនាំ និងផ្ដាំផ្ញើដ៏ម៉ឺងម៉ាត់ដល់ ឯកឧត្តម អភិបាលខេត្ត និងលោក ស្នងការថ្មី ព្រមទាំងរដ្ឋបាលខេត្តទាំងមូល ត្រូវយកចិត្តទុកដាក់លើការងារអាទិភាព ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ ទាំងជួរគណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយចៀសវាងការបែកបាក់បក្ខពួក ដែលនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាបឱ្យដាច់ខាតនូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថា ខេត្តមណ្ឌលគិរី ជាខេត្តដែលមានសក្តានុពលខ្ពស់លើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ដូច្នេះត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដីតំបន់ការពារ និងតំបន់អភិរក្សឱ្យបានម៉ឺងម៉ាត់បំផុត – ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយឱ្យបានលឿន ឆាប់រហ័ស ត្រឹមត្រូវ និងមានតម្លាភាព ព្រមទាំងខិតខំដោះស្រាយទំនាស់ដីធ្លី និងវិវាទនានារបស់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការឱ្យបានច្រើនបំផុត – បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំងនៃប្រទេសជិតខាង ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតាមតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តថ្មី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។ឯកឧត្តមបានប្រកាសយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ដើម្បីបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ដោយប្តេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់រដ្ឋ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណែទម្រង់រដ្ឋបាលសាធារណៈ ការការពារធនធានធម្មជាតិ និងការរៀបចំកែលម្អសោភ័ណភាពទីក្រុងដើម្បីទាក់ទាញការវិនិយោគតាម កម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសានឆ្នាំ២០២៥-២០២៨ ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន៕



