ឯកឧត្តម ឈួរ សុបញ្ញា : ការអប់រំកុមារតាមបែបសាសនា មិនត្រឹមជាការលើកកម្ពស់តួនាទីព្រះពុទ្ធសាានាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអប់រំ “ចិត្ត និងចរិត” ឱ្យរឹងមាំ ដើម្បីរស់នៅជាសមាជិកល្អក្នុងសង្គម

ខេត្តកំពង់ស្ពឺ-នៅវេលាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញាបានអញ្ជើញចូលរួមកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ឥរិយាបថរបស់សិស្សតាមពុទ្ធមាគ៌ានៅសាលាបឋមសិក្សាម្រុំខាងជើង ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ៣០០ នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរពាក់ព័ន្ធ ដូចជា ប្រធានការិយាល័យអប់រំស្រុក និងតំណាងមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះធម្មសំវរ គង់ សុខហាន ព្រះធម្មធរគណខេត្តកំពង់ស្ពឺ(ស្តីទី)។ កម្មវិធីអប់រំសីលធម៌មានគោលបំណងក្នុងការបណ្តុះកុមារ និងយុវជនឱ្យមានសីលធម៌ និងចរិយាធម៌ល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាព សម្រាប់សង្គម និងប្រទេសជាតិ។

ក្នុងឱកាសនោះ ព្រះធម្មសំវរ គង់ សុខហាន បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការអប់រំចិត្តមនុស្ស ឱ្យមានសីលធម៌ គុណធម៌ និងចរិយាធម៌ល្អ។ ព្រះអង្គបានលើកឡើងថា ក្នុងសង្គមបច្ចុប្បន្នមានមនុស្សមួយចំនួនបានឆ្លងកាត់ការបាត់បង់ស្មារតីល្អ ដោយសារការលោភលន់ និងការគិតតែប្រយោជន៍ផ្ទាល់ខ្លួន បណ្តាលឱ្យមិនស្គាល់បុណ្យបាប គុណទោស និងមិនគោរពទំនាក់ទំនងគ្រួសារ។ ក្នុងន័យនេះ ព្រះពុទ្ធសាសនាត្រូវតែបន្តដើរតួនាទីជាគន្លឹះក្នុងការដាស់ស្មារតី ឱ្យមនុស្សត្រឡប់មករកសេចក្ដីល្អ និងរស់នៅដោយមានទំនួលខុសត្រូវចំពោះសង្គម។ ព្រះអង្គក៏បានមានសង្ឃដីកាសង្ឃឹមថា កម្មវិធីអប់រំសីលធម៌នេះ នឹងជួយដាស់តឿនស្មារតីសិស្សានុសិស្ស ឱ្យយកខ្លឹមសារធម៌ទៅអនុវត្តជាពន្លឺដឹកនាំជីវិត ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យសិស្សទាំងអស់គោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះផងដែ ឯកឧត្តមបានលើកឡើងថាកម្មវិធីនេៈរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងអំពីសីលធម៌ និងអនុវត្តតាមមាគ៌ាព្រះពុទ្ធសាសនាដើម្បីកសាងអត្តចរិតល្អ និងសង្គមមានសុវត្ថិភាព។ ដើម្បីរួមចំណែកដល់ការចូលរួមរបស់លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ឯកឧត្តមក៏បានលើកឡើងជាធម្មបរិយាយ ដើម្បីចែករំលែកដល់សិស្សានុសិស្សមួយចំនួនដូចខាងក្រោម:

១. “បញ្ញាជាពន្លឺ សីលជាគ្រឹះជីវិត” : សិស្សត្រូវយកការសិក្សា និងសីលធម៌ជាគន្លឹះក្នុងការកសាងអនាគត។ មនុស្សមានបញ្ញា តែខ្វះសីល មិនអាចនាំទៅរកសេចក្ដីជោគជ័យយូរអង្វែងបានឡើយ។

២. “ស្គាល់បុណ្យបាប គុណទោស ជាគន្លឹះនៃការជ្រើសរើសត្រឹមត្រូវ” : ការយល់ដឹងអំពីអ្វីល្អ អ្វីអាក្រក់ នឹងជួយឱ្យយុវជនចៀសផុតពីអំពើអាក្រក់ ដូចជា គ្រឿងញៀន អំពើហិង្សា និងអំពើអនាចារ។

៣. “កូនល្អ សិស្សល្អ មិត្តល្អជាគ្រឹះនៃសង្គមល្អ” : ការបង្កើតអត្តចរិតល្អ ចាប់ផ្តើមពីខ្លួនឯង និងបន្តទៅកាន់គ្រួសារ សាលារៀន និងសង្គមទាំងមូល។

៤. “គ្រប់គ្រងកាយ វាចា ចិត្ត ជាផ្លូវទៅរកជោគជ័យ” : ការហ្វឹកហាត់វិន័យលើខ្លួនឯង គឺជាគន្លឹះដ៏សំខាន់ក្នុងការរស់នៅប្រកបដោយសុចរិត និងទទួលបានការគោរពពីអ្នកដទៃ។