ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហាររបស់ក្រុមហ៊ុន Smart ជូនបងប្អូនជនភៀសសឹកចំនួន១៥០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១៥០០ កញ្ចប់ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅស្នាក់ការ ភូមិបន្ទាយមានរិទ្ធិ និងភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសខ្លួនទាំងអស់ ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន នៅក្នុងគ្រាដ៏លំបាកនេះ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅអាទិភាពចម្បងក្នុងការដោះស្រាយបញ្ហាលំនៅឋានស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ខណៈដែលរដ្ឋាភិបាលក៏កំពុងបន្តធ្វើការតវ៉ាយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ក្នុងការទាមទារទឹកដីដែលរងការរំលោភបំពានត្រឡប់មកវិញ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីមកពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗ ព្រមទាំងក្រុមហ៊ុន Smart ដែលបាននាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនភៀសសឹក ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់ប្រតិភូជាបងប្អូនសាសនិកឥស្លាម និងនិស្សិតយ៉ាងច្រើនដែលបានចូលរួមនាថ្ងៃនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅរកវិធីសាស្ត្រ ឬលទ្ធភាពផ្សេងៗទៀតក្នុងការបន្តជួយផ្គត់ផ្គង់ទៅថ្ងៃមុខ។

ចំណែកលោកស្រី ខាក់ ចិន្តា នាយកប្រតិបត្តិផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Smart បានលើកឡើងថា ក្រុមហ៊ុនបានបង្កើតមូលនិធិបម្រុងមួយ ដើម្បីជួយសម្រាលការលំបាក ផ្គត់ផ្គង់ និងសម្រួលដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ និងប្រឈមមុខនឹងគ្រាលំបាក ជាពិសេសក្រោយពេលមានសង្គ្រាម និងការភៀសខ្លួន។ ជាមួយគ្នាដែរ លោកស្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុន Smart អាចចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋនាពេលនេះ។

គួររម្លឹកដែរថា នេះជាលើកទី២ ហើយដែល ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចែកអំណោយជូនបងប្អូនជនភៀសសឹកនៅតំបន់ខាងលើ ដោយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ បានចែកចំនួន ១៦០០គ្រួសាររួចហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំស្លក្រាម ដែលជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អំណោយខាងលើ ក្នុង១កញ្ចប់នីមួយៗមាន អង្ករ 25 គក្រ ,មី 1 កេះ 24 កញ្ចប់ ,ត្រីខ 1 យួរ 10 កំប៉ុង ,ទឹកត្រី 750 ml 6 ដប និងទឹកសុីអុីវ 450 ml 6 ដប៕